នាយករដ្ឋមន្រ្តី បញ្ជាជាបន្ទាន់ ឲ្យអ្នកពាក់ព័ន្ធយកសត្វក្ងោកទៅផ្ទះម្ចាស់ចិញ្ចឹមវិញដោយគ្មានអែលអង់

ភ្នំពេញ ៖ ដោយបានទទួលសារពីប្រជាពលរដ្ឋជុំវិញរឿងរ៉ាវសត្វក្ងោករបស់ពលរដ្ឋម្នាក់ចិញ្ចឹមហើយត្រូវបានរដ្ឋបាលព្រៃឈើចាប់យកនោះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃ២៨ កុម្ភៈនេះ បានចេញបទបញ្ជាក្តៅៗដោយគ្មានពន្យាពេលទេ គឺ ឲ្យក្រុមមន្រ្តីពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកសត្វក្ងោកដែលដកហូតពីបុរសម្នាក់នៅខេត្តកំពង់ឆ្នាំងយកទៅឲ្យម្ចាស់ចិញ្ចឹមនាថ្ងៃទី២៨ កុម្ភៈ នេះតែម្តង។

សម្រាប់ករណីកំពុងផ្ទុះការរិះគន់អំពីការចាប់សត្វក្ងោកនេះ សម្តេចក៏បានចេញសារជាសំឡេងបន្ទាន់មួយមានជាង៣នាទីផ្ញើទៅលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មខណៈលោកកំពុងមានវត្តមាននៅបារាំង។ សម្តេច បានសង្កត់ធ្ងន់ថា សម្តេចក៏បានធ្លាប់ចិញ្ចឹមសត្វក្ងោកដែរ ដូច្នេះសម្តេចយល់ពីអារម្មណ៍ម្ចាស់ ។ សម្តេចថា បើសិនជាដកហូតសត្វក្ងោកយកមកទុកដោយគ្មានការថែទាំត្រឹមត្រូវ នឹងធ្វើសត្វក្ងោកទាំងនោះស្លាប់។ ដើម្បីឲ្យសត្វក្ងោកដែលជាសត្វជិតផុតពូជ អ្នកទទួលខុសត្រូវលើការចាប់សត្វប្រភេទនេះទុក ត្រូវដឹកជញ្ជូនយកទៅឲ្យម្ចាស់វិញជាបន្ទាន់ ដោយគ្មានបង្អែបង្អង់ឡើយ ។

សម្តេចគូសបញ្ជាក់ថា “ខ្ញុំសូមចេញបទបញ្ជាជាបន្ទាន់ សូមឲ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វ(ក្ងោក)ចេញពីផ្ទះ របស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញតែម្តង។ គឺខ្ញុំមិនយល់ស្របជាមួយនឹងទង្វើបែបនេះទេ(ដកហូតសត្វក្ងោក) ។យើងគួរលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជជៀសជាងទៅចាប់យកសត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយដែលមិនយូរប៉ុន្មានទេសត្វនេះវានឹងស្លាប់”។

សម្តេចថា គ្មានហេតុផលអ្វីដែលត្រូវយកសត្វដែលប្រជាពលរដ្ឋចិញ្ចឹម យកមកទុកកន្លែងចិញ្ចឹមសត្វនោះ ថាជាអំពើខុសច្បាប់ទេ ។ ដោយសម្តេចថា អ្នកពាក់ព័ន្ធលើផ្នែកសត្វនេះ ត្រូវលើកទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមបន្ថែមទៀត មិនមែនចេញទៅរារាំងបែបនេះទេ។

ពាក់ព័ន្ធច្បាប់ចិញ្ចឹមសត្វនេះដែរ សម្តេចក៏បានឲ្យអ្នកពាក់ព័ន្ធធ្វើវិសោធនកម្មច្បាប់ ដើម្បីលុបចោលចំណុចណាពាក់ព័ន្ធនឹងការចាប់យកសត្វចិញ្ចឹមដែលពលរដ្ឋចិញ្ចឹមថា ជាអំពើខុសច្បាប់ ។

សូមបញ្ជាក់ថា ថ្មីៗនេះ សត្វក្ងោកប្រមាណជិត ២០ក្បាល របស់លោក យឹម សំអឿន (ម្ចាស់សត្វក្ងោក)រស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ ចាប់យក ។ ប៉ុន្តែការចាប់នេះ ក៏មានការរិះគន់យ៉ាងខ្លាំងជុំវិញករណីនេះ។ ក្រោយការរិះគន់ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃ បានអះអាងថា ជាអនុវត្តច្បាប់របស់កម្ពុជា ។

រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម កាលពីថ្ងៃ២៣ កុម្ភៈ បានចេញលិខិតហៅលោក យឹម សំអឿន មានអាយុ៣៤ឆ្នាំ នៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំ ឲ្យចូលខ្លួន បន្តនីតិវិធី បញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃ ពីបទយកធ្វើជាកម្មសិទ្ធិចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានលិខិតអនុញ្ញាពីរដ្ឋបាលព្រៃឈើ ។ បន្ទាប់ពីចាប់សត្វក្ងោកហើយ លោក យឹម សំអឿនហាក់មានចង្ងល់ជាខ្លាំងថា ខុសច្បាប់? ព្រោះការចិញ្ចឹមនេះ ដោយសារតែមានចិត្តស្រឡាញ់ ព្រោះខ្លួនគ្មានប្រពន្ធកូន៕ ដោយ៖ រិន ចំរើន