ករណីយុវជន ៤នាក់ កាប់យុវជនម្នាក់ឱ្យស្លាប់នៅលើបណ្ដោយផ្លូវជាតិលេខ២ត្រូវបានចោទពីបទ «ឃាតកម្ម»

ភ្នំពេញ៖ ករណីយុវជន ជាក្មេងស្ទាវចំនួន ៤នាក់ បានកាប់យុវជនម្នាក់ ឱ្យស្លាប់ភ្លាមៗ នៅលើបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូញបាន តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវចោទពីបទ «ឃាតកម្ម»តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។

លោកស្រី ស៊ុន យឺត អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តតាកែវ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ១០ ខែកុម្ភៈថា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវបានសម្រេចចោទប្រកាន់ ក្មេងម្នាក់ក្នុងចំណោម ៤នាក់ ពីបទ «ឃាតកម្ម» និង ៣ នាក់ផ្សេងទៀត ពីបទ«សមគំនិត» ។

លោកស្រីបន្តថា ក្រោយសម្រេចចោទប្រកាន់លើយុវជនទាំង៤នាក់ នេះ តំណាងអយ្យការបានបញ្ជូនទៅ ចៅក្រមស៊ើបសួរ ដើម្បីអនុវត្តនិតិវិធីបន្ត។

យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ចែងថា «អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធដោយគ្មាន ស្ថានទំងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគឺតទុកជាមុន ដល់មាត្រា ២០៥ ( បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើ រំលោភសេពសន្ថវៈ ) នៃក្រមនេះ គឺជាឃាតកម្ម ។ មាត្រានេះបន្តថា «ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ »។

សូមរំលឹកថា បន្ទាប់ពីមានករណីក្រុមក្មេងស្ទាវមួយក្រុម បានធ្វើសកម្មភាពកាប់លើយុវជនម្នាក់ នៅលើបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង បណ្ដាលឱ្យស្លា.ប់ភ្លាមៗ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង សហការជាមួយកម្លាំងនគរបាលស្រុកគិរីវង់ ចាប់ខ្លួនជនសង្ស័យបាន ០៤នាក់។

តាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់ គឺបានបញ្ជាក់ថា ខ្លួនគេនិងបក្ខពួកមិនមានគំនុំអ្វីជាមួយ ជនរងគ្រោះ នោះទេ ប៉ុន្តែរូបគេនិងគូរកន មានរឿងមកពីកន្លែង ផ្សេង រួចក៏ជិះម៉ូតូដល់កន្លែងកើតហេតុឃើញជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង រូបគេនិងបក្ខពួកក៏បានកាប់សំដៅមកលើជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗតែម្ដង៕ ដោយ៖ ពុទ្ធិពល