ស្វាយរៀង៖ ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមជុំវិញមានការផ្សព្វផ្សាយឪពុកម្តាយមកទទួលសញ្ញាបត្រជំនួសកូនប្រុសរបស់ខ្លួន បានធ្វើឱ្យអ្នកគ្រូ លោកគ្រូ និង និស្សិតផ្សេងទៀតបានសម្រក់ទឹកភ្នែកស្ទើតែគ្រប់គ្នា។ មិនតែប៉ុណ្ណោះ ទាំងរូបភាព និងសារត្រូវបានអ្នកលេងបណ្តាញសង្គមចែករំលែកព្រោងព្រាត។
យោងតាមគណនីហ្វេសបុកឈ្មោះ Sam Thavy បានសរសេររៀបកាលពីថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២៣ ឱ្យដឹងថា «វាជាអារម្មណ៍ខ្លោចផ្សារសោកសង្រែងបំផុតប្រសិនបើអ្នកទាំងអស់គ្នានៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយ និស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រាន្តឈរជើងនៅគោលដៅលានជល់ដំរីមកទទួលសញ្ញាបត្ររបស់កូនប្រុសជាទីស្រឡាញ់។
គណនីហ្វេសបុកដដែលបន្តថា «ជានិស្សិតដែលរៀនពូកែចំណាត់ថ្នាក់លេខ ១ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធាអាយុខ្លីចាកចេញទៅដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមប្អូនអាយុវែង» ។
បើតាមគណនីហ្វេសបុកដដែល ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំនិងរួមការងារជាមួយសន្ធាមិនថាការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។ ធាអើយ។ កូនអើយគេមកទទួលទាំងអស់បាត់តែកូនម៉ែ ។ កូនអើយម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ ។ ម៉ែនិងយកទៅធ្វើបុណ្យដាក់វាឲ្យកូន ធាអើយ!
គណនីមួយទៀត ឈ្មោះ Sovann Sok ដែលស្រង់ចេញពីគណនី ឈ្មោះ Sam Ath Houy បានសរសេរឱ្យដឹងដែរថា អនិច្ចាសង្ខារមិនទៀង។ អ្នកមានគុណទាំងទ្វេរតស៊ូអោយកូនបានរៀនចប់ដោយជោគជ័យ ប៉ុន្តែ មច្ចុរាជបានមកយកជីវិតកូនមុនថ្ងៃទទួលសញ្ញាបត្រ ទុកអោយឪពុកម្តាយទួញយំស្រណោះកូនពន់ពេក។ ទំនួញម្តាយ៖ កូនអើយ ម៉ែមកទទួលសញ្ញាបត្រជូនកូនហើយ! ៕ ដោយ៖ ពុទ្ធិពល