ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានទម្លាយអាថ៌កំបាំងមួយថា លោក ហ៊ុន ម៉ាណែតបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីធ្លាប់បាន ប្រាប់លោក ថាច់ សេដ្ឋា ប្រធានស្តីទី និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន ឱ្យណែនាំសមាជិក-សមាជិការបស់ខ្លួន កុំប្រព្រឹត្តអំពើខុសច្បាប់។
សម្ដេចតេជោ ពីក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ នាថ្ងៃ៩ មករា បានមានប្រសាសន៍ថា លោក ថាច់ សេដ្ឋាធ្លាប់ បានសុំជួប លោក ហ៊ុន ម៉ាណែត ទើបបានជាមានការណែនាំឡើង ខណៈមន្រ្តីបក្សភ្លើងទៀនតែងតែបើកការវាយប្រហារមកលើបក្សកាន់អំណាច ក្រោមការដឹកនាំរបស់សម្តេចជាហូរហែរ។
សម្ដេចតេជោគូសបញ្ជាក់ថា «ថាច់ សេដ្ឋា ថ្ងៃមុនទៅជួប ហ៊ុន ម៉ាណែត ខ្ញុំនិយាយឱ្យបើកជំហរចឹង ។ ហ៊ុន ម៉ាណែត បានរាយការណ៍មកខ្ញុំ គេបានដឹងហើយថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រី នាពេលអនាគត បន្ទាប់ពីខ្ញុំ ថាច់ សេដ្ឋា បានទៅសុំជួប។ ថាច់ សេដ្ឋា បានលើកឡើង ហ៊ុន ម៉ាណែត បានដំបូន្មាន សុំឱ្យសមាជិក-សមាជិកា អ្នកឯងកុំប្រព្រឹត្តខុសច្បាប់ ។ នេះជាការដំបូន្មានពី ម៉ាណែត ត្រឡប់ទៅវិញ»។
សម្ដេចតេជោក៏បានផ្ញើសារទៅវិញថា បើអ្នកឯងមិនធ្វើខុសច្បាប់ តើអ្នកណាហ៊ានធ្វើអ្នកឯង ដោយសម្ដេចថា «ពាក្យសម្ដីពួកអ្នកឯង កំពុងញុះញង់ហើយ»។
បច្ចុប្បន្នលោក ថាច់ សេដ្ឋា កំពុងមានវត្តមាននៅកូរ៉េខាងត្បូង ដើម្បីជួបអ្នកគាំទ្រមុនបោះឆ្នោតថ្នាក់ជាតិ នាអំឡុងខែកក្កដា៕ ដោយ៖ រិន ចំរើន