ពលរដ្ឋចាប់អារម្មណ៍ទាំងវិជ្ជមាន និងអវិជ្ជមានលើបក្ស GDP

ភ្នំពេញ៖ «នៅប៉ុន្មានថ្ងៃកន្លងមកនេះយើងខ្ញុំសង្កេតឃើញថា មហាជនជាច្រើនបានចាប់អារម្មណ៍លើគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយបានបញ្ចេញមតិយោបល់ដែលបង្ហាញទាំងចំណុចវិជ្ជមាននិងអវិជ្ជមាន ក្រោយការចេញរបស់អតីតថ្នាក់ដឹកនាំ១រូប»។ នេះ បើតាមគណបក្សប្រជាធិតេយ្យមូលដ្ឋាន ។

មិនទោមនស្សឡើយ ក្នុងនាមគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្នាក់ដឹកនាំនៃគណបក្សនេះ បានថ្លែងអំណរគុណចំពោះមតិយោបល់របស់បងប្អូនជនរួមជាតិទាំងនេះ។

បើតាមថ្នាក់ដឹកនាំនៃគណបក្សនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានមានគោលការណ៍គោរពដល់ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីគ្រប់រូបក្នុងការបន្តធ្វើនយោបាយជាមួយគ្នាឬចាកចេញ ដោយមិនមានការវាយប្រហារ មូលបង្កាច់ឬ លាបពណ៌គ្នាដែលនាំឱ្យមានការឈឺចាប់ និងជាគំរូមិនល្អសម្រាប់អ្នកនយោបាយជំនាន់ក្រោយនោះទេ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រកាន់យកនូវគុណតម្លៃ សាមគ្គីភាព យុត្តិធម៌ អហិង្សា។ ថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែប្រកាន់ជំហរយ៉ាងមុតមាំក្នុងការបន្តដំណើរឆ្ពោះទៅមុខ ដើម្បីភាពថ្លៃថ្នូរនៃប្រទេសជាតិខ្មែរទាំងមូល។

សូមរំលឹកថា លោក យ៉ង សាំងកុមារ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ និងស្ថាបនិកគណបក្សប្រជាធិតេយ្យមូលដ្ឋាន កាលពីពេលថ្មីៗនេះ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដែលជាប្រធានគណបក្ស និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

គោលបំណងសំខាន់នៃការចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជានេះ ក្រោយពីលោក យ៉ង សំាងកុមារ មើលឃើញពីគោលនយោបាយវិស័យកសិកម្មរបស់រដ្ឋាភិបាលល្អ និងស្របទៅនឹងគំនីតរបស់លោក ដែលចង់ចូលរួមជួយកសិករកម្ពុជា ឱ្យមានជីវភាពធូរធា និងសេដ្ឋកិច្ចល្អ ។

ក្រោយចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមពីលើមុខដំណែង តាមរយៈការស្នើសុំពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក យ៉ង សំាងកុមារ កាលពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២២ត្រូវបានប្រកាស បញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាដែលចំថ្ងៃប្រវត្តិសាស្រ្ត ២ធ្នូ ក្រោមអធិបតីភាព លោក ទេព ងន។
លោកថ្លែងថា៖ «ខ្ញុំនឹងខំធ្វើខ្លួនឲ្យក្លាយជាមន្ត្រីល្អបម្រើកសិករនិងប្រជាពលរដ្ឋ គឺល្អទាំងកាយ ទាំងចិត្តនិងវាចាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

មតិមហាជន យល់ឃើញថា ការចូលរួមពីសំណាក់លោក យ៉ង សាំងកុមារ ដែលជាអ្នកជំនាញកសិកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជា នឹងជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា ឱ្យមានការរីកចំរើន ជាពិសេសជួយឱ្យមានទីផ្សារផលិផលកសិកម្មរបស់កសិករ និងរក្សាបានតម្លៃខ្ពស់ជាដើម។

ទោះជាយ៉ាងណា មតិមហាជនមួយចំនួនទៀ ក៏បានលើកឡើងថា ការចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក យ៉ង សំាងកុមារ គឺគេនឹងមិនផ្តល់សិទ្ធិអំណាចពេញលេញសម្រាប់លោកក្នងការសម្រេចចិត្តទេ ៕ ដោយ៖ ពុទ្ធិពល