ភ្នំពេញ៖ តាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ សង្កាត់ គិតត្រឹមថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ចំនួនភ្នាក់ងារគណបក្សនយោបាយស្នើសុំសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សរុបមានចំនួន ៦.៩៧១ នាក់ ក្នុងនោះស្រ្តីមានចំនួន ១.៤៨៦ នាក់។ នេះ បើតាម គជប ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ឱ្យដឹងថា ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាត មានចំនួន ៥ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា និង គណបក្សហ៊្វុនស៊ិនប៉ិច។
បើតាម លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត៕ដោយ៖ KC-006