បណ្ឌិត យង់ ពៅ៖ សម្តេច ហ៊ុន សែន ពេលទៅដឹកនាំស្ថាប័នព្រឹទ្ធសភា គឺកាន់តែខ្លាំង និងប្លែក

ភ្នំពេញ៖ នៅទី៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨៖០០នាទីព្រឹក ព្រឹទ្ធសភាប្រារព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ខណៈគណបក្សប្រជាជនកម្ពុជា (CPP) ដែលជាបក្សឈ្នះឆ្នោត បានសម្រេចរួចហើយ ថាប្រធានព្រឹទ្ធសភានីតិកាលទី៥ គឺសម្តេច ហ៊ុន សែន ដែលប្រធានគណបក្ស នឹងដឹកនាំស្ថាប័នជាតិដ៏សំខាន់មួយនេះ ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បុរសខ្លាំង (សម្តេច ហ៊ុន សែន) ទៅដឹកនាំស្ថាប័នកំពូលផុតលេខរបស់ជាតិ (ព្រឹទ្ធសភា) គឺកាន់តែខ្លាំងនិងប្លែក ទាំងកិត្តិស័ព្ទ ទាំងខ្លឹមសារ និងទាំងលទ្ធផល។ គណបក្សប្រជាជន ក្ដាប់អំណាចកាន់តែណែន គ្រប់ទិដ្ឋភាពនយោបាយទាំងអស់។

បើតាម លោកបណ្ឌិត យង់ពៅ គេអាចមើលឃើញថា នេះជាយុទ្ធសាស្រ្តគណបក្សប្រជាជន ដើម្បីធានាបាននូវសុខសន្តិភាពផ្ទៃក្នុង ធានាអធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជា ។ មួយវិញទៀត ឥស្សរជន CPP ដែលបានផ្គូផ្គងជាថ្នាក់ដឹកនាំព្រឹទ្ធសភា សុទ្ធតែតែអ្នកការទូតជើងចាស់បូកនឹងជើងខ្លាំង ដូច្នេះសង្ឃឹមថា កម្ពុជានឹងប្លែកក្នុងវិស័យការទូត ក៏ដូចជានយោបាយការបរទេស ទាំងទ្វារមុខ និងទ្វារក្រោយ។

លោកបណ្ឌិត យង់ ពៅ បញ្ជាក់ទៀតថា«ដល់ពេលវេលាដែលកម្ពុជា ធ្វើនយោបាយការបរទេសខ្លាំង មុតស្រួច ស្វាហាប់ និង វ័យឆ្លាតពិតប្រាកដហើយ។ គេអាចវាយតម្លៃទុកមុនថា ក្រសែភ្នែករបស់ ប្រទេសលោកខាងលិច នឹងសម្តែងនូវការព្រួយបារម្ភណ៍ និងវាយតម្លៃទាបក្នុងកិច្ចការងារកសាងលិទ្ធិប្រជាធិបតេយ្យបែបបស្ចិមលោក។ ប៉ុន្តែកម្ពុជា ត្រូវតែមានវិធីសាស្ត្រកម្ពុជា…!»។