ការចំណាយពេលយូរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសឡាវ ឬបណ្តាប្រទេសផ្សេងទៀត គឺជាសញ្ញាល្អសម្រាប់កម្ពុជា។ សញ្ញាល្អ គឺដោយសារថាការរក្សាការពារទឹកដីកម្ពុជាឱ្យបានគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយមិនមែនជារឿងលេងសើចនោះទេ តែផ្ទុយទៅវិញវាគឺជាទម្ងន់នៃការទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្រ្ត។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការបំពេញទស្សនកិច្ចផ្លូវការលើទឹកដីឡាវ របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ មីនានេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ដំណោះស្រាយលើបញ្ហាព្រំដែននេះ គឺតម្រូវឱ្យភាគីកម្ពុជាត្រូវតស៊ូឱ្យបានស្វិតស្វាញពេលអង្គុយចរចា ឬធ្វើការសម្រេចចិត្តម្តងៗនោះ ដែលធ្វើត្រូវស៊ីពេលយូរក្នុងការដោះស្រាយបញ្ហាព្រំដែន។
ម្យ៉ាងវិញទៀត នៅទីណាក៏ដោយ ក៏ដូចជានៅប្រទេសណាក៏ដោយ។ បញ្ហាព្រំដែនបង្កប់ទៅដោយកត្តាជាច្រើនដូចជា បញ្ហាជាតិនិយម នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងមានលក្ខណៈជាភូមិសាស្រ្តនយោបាយទៅទៀត។ ត្រង់ចំណុចនេះ លោក ពន្យល់ថា នៅក្នុងទំនាក់ទំនងអន្តររដ្ឋ ក៏ដូចជានៅក្នុងឆាកនយោបាយផ្ទៃក្នុងរបស់ប្រទេសណាមួយ ដំណោះស្រាយបញ្ហាព្រំដែន គឺត្រូវការអ្នកជំនាញគេមិនត្រូវការអ្នកជាតិនិយម ឬអ្នកនយោបាយ ប៉ុន្តែគេត្រូវការអ្នកជំនាញមុតស្រួចខាងផែនទី និងភូមិសាស្រ្ត។
លោក បន្តថា ជារួមការកត់ត្រា ការកំណត់ទីតាំងនៃបង្គោលព្រំដែន កន្លែងដែលត្រូវដោះបង្គោល ការកំណត់ចំនួនបង្គោលដែលត្រូវដាំ គឺត្រូវស៊ីពេលច្រើន និងយូរ ដែលមិនដូចអ្នកនយោបាយខ្លះដែលតាំងខ្លួនជាអ្នកជាតិនិយមផ្តាច់មុខប្រើពេលដែលប៉ុន្មាននាទីដើម្បីកេងចំណេញនយោបាយតែប៉ុណ្ណោះ។
ជុំវិញបញ្ហាព្រំដែននេះ នៅក្នុងជំនួបពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumxay Kommasith ជាមួយលោក វ៉ា គឹមហុង អតីតប្រធានគណៈកម្មាការចម្រុះកិច្ចការព្រំដែនកម្ពុជា-ឡាវកាលពីខែមេសា ឆ្នាំ ២០២៣ ភាគីទាំងពីរបានព្រមព្រៀងគ្នា បោះបង្គោលព្រំដែនចំនួន ៣៨៧ ថែមទៀត នៅក្នុងតំបន់ចាំបាច់ រួមទាំងនៅតាមខ្សែបន្ទាត់ព្រំដែន និងសហគមន៍ដែលមានប្រជាជនរស់នៅច្រើន។ បើតាមក្រសួងការបរទេសឡាវ កម្ពុជានិងឡាវនឹង រៀបចំធ្វើការងាររួមគ្នានៅតាមទីតាំងព្រំដែន ដែលចាប់ផ្តើមការងារនៅដើមខែឧសភាខាងមុខនេះ ហើយបញ្ចប់ការបោះបង្គោលក្នុងរយៈពេល២ឆ្នាំ។
ក្នុងជំនួបនោះ ភាគីឡាវក៏បានលើកឡើងថា ភាគីកម្ពុជានិងឡាវ បានពិភាក្សាគ្នាដែរ អំពីចំនុចខ្វែងគំនិតគ្នាជុំវិញខ្សែបន្ទាត់ព្រំដែនសេសសល់១៤ភាគរយ ខណៈ៨៦%ទៀត កម្ពុជាបានទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួមជាមួយឡាវ កាលពីថ្ងៃទី១៧មីនាកន្លងទៅ។ ភាគីទាំងពីរក៏បានឈានដល់ការឯកភាពគ្នា ដើម្បីធ្វើការរួមគ្នាអនុវត្តសន្ធិសញ្ញាព្រំដែន រវាងឡាវនិងកម្ពុជា ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ផងដែរ៕