គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត ព្រឹទ្ធសភានៅថ្ងៃស្អែក

ភ្នំពេញ៖ ក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ពុំទទួលបានពាក្យបណ្ដឹងតវ៉ាណាមួយឡើយ។ ដូចនេះ លទ្ធផលបណ្ដោះអាសន្ន នឹងក្លាយទៅជាលទ្ធផលផ្លូវការនៃការបោះឆ្នោត។

គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការនៃការបោះឆ្នោត ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ព្រឹក ។

បើតាមលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំ ងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលគណៈកម្មាធិការជាតិ រៀប ចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វ ផ្សាយ បានបង្ហាញឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបាន សំឡេងគាំទ្រយ៉ាងច្រើនលើសលប់នៅក្នុងមណ្ឌលភូមិភាគទាំង៨ ដោយទទួលបានសំឡេងឆ្នោតសរុបចំនួន ១០,០៥២សំឡេង និងទទួលបានអាសនៈចំនួន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងឆ្នោត ១,៣៩៤សំឡេងទទួលបានអាសនៈចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ៕