ភ្នំពេញ៖ លោក ជាម យៀប អនុប្រធានទី១រដ្ឋសភា បានស្នើសុំឱ្យគណៈប្រតិភូ អាល្លឺម៉ង់ ដែលដឹកនាំដោយលោកស្រី ម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ជួយជំរុញអ្នកវិនិយោគ និងប្រជាជនអាល្លឺម៉ង់ ឱ្យមកបណ្ដាក់ទុន និងធ្វើទេសចរន៍កម្សាន្តនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ព្រមទាំងសុំបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សានៅអាល្លឺម៉ង់ ជាបន្តទៀតផងដែរ។
ការស្នើនេះ ធ្វើឡើង នៅពេល លោក ជាម យៀប អនុប្រធានទី១រដ្ឋសភា បានអនុញ្ញាតឱ្យ លោកស្រី ម៉ាទីណា-ស្ទែម ហ្វីប៊ិច (Martina-Stamm Fibich) ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានរដ្ឋសភានៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤ ។
នាឱកាសនោះ លោក ជាម យៀប បានមានប្រសាសន៍ថ្លែងអំណរគុណជូនដល់រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ជាមួយគ្នានោះ ឡោក ជាម យៀប បញ្ជាក់ថា ថា រដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-អាល្លឺម៉ង់ នៅគ្រប់នីតិកាលនៃរដ្ឋសភាជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការនេះ បាននាំមកនូវទំនាក់ទំនងការទូតសភាទាំងពីរយ៉ាងល្អប្រពៃ។
លោក ជាម យៀបបន្ថែមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បានធ្វើការយ៉ាងសកម្មនៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងកិច្ចការសភាពីគ្នាទៅវិញទៅមក ហើយសភាកម្ពុជាបានសិក្សារៀនសូត្រជាច្រើន ពីសភាអាល្លឺម៉ងតាមរយៈដំណើរទស្សនកិច្ចសិក្សា និងកម្មវិធីផ្សេងៗ។
លោក ជាម យៀប លើកឡើងទៀតថា ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ដែលជាមូលដ្ឋានគ្រឹះ នៃការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សស្របតាមបរិបទនៃសង្គមខ្មែរ។ ទាំងរដ្ឋសភា និងរាជរដ្ឋាភិបាលអាណតិ្តទី៧នេះ នឹងបន្តលើកកម្ពស់ស្មារតីថែរក្សាសន្តិភាព ការពារ និងបន្តពង្រឹង និងពង្រីកលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ឱ្យចាក់គ្រឹះកាន់តែរឹងមាំស្ថិតស្ថេរជានិរន្តរ៍ និងស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា។
ជាមួយគ្នានោះ លោក ជាម យៀបប្រាប់ គណៈប្រតិភូរដ្ឋសភាអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាកម្ពុជាសព្វថ្ងៃ គឺដឹកនាំដោយសម្ដេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីវ័យក្មេង មានសមត្ថភាព និងទេពកោសល្យដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត ដើម្បីបន្តថែរក្សាសុខសន្តិភាព ឯកភាពជាតិ បូរណភាពទឹកដី ស្ថិរភាពនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងវប្បធម៌ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ជាការឆ្លើយតប លោកស្រី ម៉ាទីណា-ស្ទែម ហ្វីប៊ិច ប្រធានគណៈកម្មាធិការសម្របសម្រួលញត្តិ នៃរដ្ឋសភាអាល្លឺម៉ង់ បានមានប្រសាសន៍ឯកភាពចំពោះប្រសាសន៍របស់លោក ជាម យៀប ដែលបានលើកឡើងពីចំណងមិភាពដ៏ល្អនៃប្រទេសទាំងពីរ ដែលត្រូវបន្តពង្រឹងពង្រីកបន្ថែមទៀត។
លោកស្រីបន្តថា គោលបំណងរបស់យើងគឺដូចគ្នា នៅក្នុងការរឹតចំណងមិត្តភាព និងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ និងថា ក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ អាល្លឺម៉ង់-កម្ពុជា គួរបន្តពិភាក្សាគ្នា សម្រាប់ការសិក្សាផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។លោកស្រី បានបន្ថែមថា លោកស្រី និងគណៈប្រតិភូមានបំណងចង់សិក្សាស្វែងយល់បន្ថែមទៅលើ គម្រោងមួយចំនួនដែលកំពុងដំណើរការ ដើម្បីជំរុញឱ្យគម្រោងទាំងនោះកាន់តែល្អប្រសើរថែមទៀត។
បន្ថែមពីនេះ លោក ជាម យៀប វាយតម្លៃខ្ពស់ចំពោះប្រសាសន៍របស់លោកជំទាវប្រធានគណៈប្រតិភូ ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ជំនួបនាថ្ងៃនេះ គឺជាសក្ខីភាពបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតអំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក៍ដូចជារវាងប្រទេសទាំងពីរ ហើយជានិច្ចកាល រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ឋជាមួយសភាអាល្លឺម៉ង់ និងជំរុញមិត្តភាព និងសហប្រតិបត្តិការរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀត៕