សមាជិក គ.ជ.ប៖ ការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោព្រឹទ្ធសភាក្នុងរយៈពេល ១៤ ថ្ងៃ បញ្ចប់ដោយភាពវិជ្ជមាន

ភ្នំពេញ៖ លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ក្នុងរយៈពេល ១៤ ថ្ងៃ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គ.ជ.ប សង្កេតឃើញថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ តាមមណ្ឌលភូមិភាគនីមួយៗ ​បានធ្វើសកម្មភាពឃោ​សនារកសំឡេងឆ្នោត តាមមធ្យោ​បាយរៀងៗខ្លួន ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អ មិនមានកើតឡើងនូវរូបភាពអវិជ្ជមានណាមួយឡើយ។

លោក សោម សូរីដា ថ្លែងបែបនេះ ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ដើម្បីបូកសរុបព្រឹត្តិការណ៍នៃការឃោសនាបោះឆ្នោតក្នុងរយៈពេល ១៤ ថ្ងៃ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

បើតាមលោក សោម សូរីដា គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួមមាន គណបក្ស ប្រជាជនកម្ពុជា គណបក្ស ឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស កម្លាំងជាតិ។

យោងតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គិតត្រឹមម៉ោងពីររសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ គ.ជ.ប អាចធ្វើការបូកសរុបព្រឹត្តិការណ៍ឃោសនាបោះឆ្នោតជារួមមាន គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗនិងតាមលទ្ធភាពរៀងៗខ្លួន ជាអាទិ៍ ការហែក្បួនឃោសនា ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស និងអ្នកបោះឆ្នោតនៅតាមទីស្នាក់ការគណបក្ស និងតាមឃុំ សង្កាត់  ការចែកខិត្តបណ្ណ​ ការចាក់មេក្រូផ្សព្វផ្សាយនៅតាមទីស្នាក់ការគណបក្ស និងចាក់ចល័ត តាមភូមិជាដើម។

ដោយបានយល់ច្បាស់នូវភារកិច្ចរបស់ខ្លួន មន្ត្រីបោះឆ្នោតគ្រប់ជាន់ថ្នាក់ ពិសេស គធ.ខប បានអនុវត្តយ៉ាងត្រឹមត្រូវតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត​ ក្នុងការសម្របសម្រួ​ល​ជាមួយ​គ្រប់គណបក្សនយោបាយ ដោយឈរលើ​គោលការណ៍ស្មើភាព អព្យាក្រឹត ឥតលម្អៀង ដើម្បីរៀបចំ ចាត់ចែង និងបែងចែកពេលវេលា និងទីតាំងសម្រាប់គណបក្សទាំងអស់ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោត តាមមណ្ឌលនីមួយៗ ធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោត។

លើសពីនេះ ​គ.ជ.ប បានសង្កេតឃើញថា ជាទូទៅ គ្រប់គណបក្សនយោបាយ​បានជូនដំណឹង​ជាប់លាប់មក​ គធ.ខប អំពីពេលវេលា និងទីតាំងដែលពួកគាត់ត្រូវធ្វើសកម្មភាពឃោសនា។ ដោយឡែក អាជ្ញាធរ​មូលដ្ឋាន ក៏បានខិតខំជួយសម្របសម្រួលដល់ការធ្វើ សកម្មភាពឃោស​នា ដូចជា ការការពារទីតាំង ការរក្សាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ពិសេស​បានជួយសម្រួលចរាចរតាមដងផ្លូវ​នៅពេលមានការហែក្បួនឃោសនាជាដើម។

ជារួម គ.ជ.ប អាចសន្និដ្ឋានបានថា ក្នុងរយៈពេល  ១៤ថ្ងៃកន្លង​មកនេះ ការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយនៅតាមបណ្តាខេត្ត និ​ង​រាជធានី ចំណុះភូមិភាគ បានប្រព្រឹត្តទៅដោយរលូន មានការយោគយល់អធ្យាស្រ័យគ្នា មានកិច្ចសហការពីបណ្តាភាគីពាក់ព័ន្ធនានាបានល្អប្រសើរ ដែលរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងរាជធានី ខេត្ត នៃភូមិភាគនីមួយៗ។

តមរយៈសកម្មភាពជាវិជ្ជមានទាំងនេះ ក្នុងនាម គ.ជ.ប ឯកឧត្ដម សោម សូរីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះភាគីពាក់ព័ន្ធទាំងអស់ ពិសេស គណបក្សនយោបាយ ដែលកាន់តែមានភាពចាស់ទុំខាងនយោបាយ ចូលរួមគោរព និងអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធី រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត និងសហការ ផ្តល់ព័ត៌មាន គោរពតាមការរៀបចំ ចាត់ចែង និងសម្របសម្រួលពីអាជ្ញាធរ និង គធ.ខប។

អាជ្ញាធររាជធានី ខេត្ត ដែលបានផ្តល់កិច្ចសហការ ជួយសម្របសម្រួល រក្សាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធា្នប់សាធារណៈល្អ ដោយពុំមានការរើសអើង និងបាន លើកទឹកចិត្តបន្តទៀតជូនមន្ត្រីរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ ព្រមទាំងសេចក្តីណែនាំនានាបានយ៉ាងខ្ជាប់ខ្ជួន។

លោក សោម សូរីដា បាន បន្ថែមទៀតថា ក្នុងអំឡុងពេលនៃការឃោសនា រកសំឡេងឆ្នោតនេះផងដែរ គណបក្សនយោបាយទាំង ៤ មានឱកាស​ផ្សព្វផ្សាយដោយស្មើភាពគ្នា នូវគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត និងសាធារណជន តាមរយៈកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ដែលរៀបចំ​ដោយ​ គ.ជ.ប។ ការផ្សព្វផ្សាយនេះធ្វើឡើងតាមវិទ្យុ និងទូរទស្សន៍របស់រដ្ឋ។ គណបក្សនយោបាយទាំង ៤ ក៏មានឱកាសស្មើភាពគ្នា ក្នុងការចុះផ្សាយនូវអត្ថបទគោលនយោបាយរបស់ខ្លួន ក្នុងព្រឹត្តិបត្រដែលរៀបចំ បោះពុម្ពផ្សាយដោយ គ.ជ.ប មានចំនួនពីរលេខ។

ជាមួយគ្នានោះ សោម សូរីដា បានប្រកាសបិទបញ្ចប់ដំណើរការឃោសនាបោះឆ្នោត ដោយយោងតា​ម​ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្ដីពីវិសោធនកម្ម​នៃច្បា​ប់​នេះ បទប​ញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គ្រប់សកម្ម​ភាពឃោ​សនា​បោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។

ក្នុងស្មារតី​នេះ  នៅថ្ងៃចុងក្រោ​យនៃការឃោសនាបោះឆ្នោត ដូច្នេះគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបញ្ឈប់សកម្មភា​ព​របស់ខ្លួនត្រឹមម៉ោង ១០យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ  ប្រព័ន្ធផ្សព្វផ្សាយត្រូវផ្អាកផ្សព្វផ្សាយសកម្មភាពនយោបាយ ឬគោលនយោ​បា​យ​របស់គណបក្សនយោ​បា​យណាមួយ ឬខ្លឹមសារផ្សេងទៀត ដែលមានចរិតជាការឃោសនារកការគាំទ្រពី​អ្នកបោះឆ្នោត។ ជនណា ឬគណបក្ស​នយោបាយណា ឬប្រព័ន្ធផ្សព្វផ្សាយណាដែលបំពានលើ​ការហាមឃាត់នេះ នឹងត្រូវទទួលពិន័យតាមច្បាប់​ស្តី​ពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ​ស​ភា និ​ង​ច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ។​

លោក សោម សូរីដា បានមានប្រសាសន៍បន្តទៀតថា គ្រប់គណបក្សនយោបាយ ត្រូវប្រមូលយកស្លាកសញ្ញា និងសម្ភារឃោ​សនា ផ្សេងទៀតរបស់ខ្លួន ដែលស្ថិតនៅក្នុង​រង្វង់ ១០០ម៉ែត្រ ពីការិយាល័យបោះឆ្នោត យ៉ាងយូរបំផុតនៅថ្ងៃបញ្ចប់ការឃោសនានេះ លើកលែងតែស្លាកសញ្ញាដែលមាននៅទីស្នាក់ការអចិន្ត្រៃយ៍។ ឯកឧត្តម បន្តថា ចាប់ពីម៉ោង ១០យប់ ថ្ងៃទី២៣ នេះ រហូតដល់ ថ្ងៃបោះឆ្នោត គឺជាពេលវេលាដែលត្រូវរក្សាភា​ព​ស្ងប់ស្ងាត់ ដើម្បីទុកពេលវេលាឱ្យអ្នកបោះឆ្នោតត្រៀមខ្លួន ត្រៀមឯកសារសម្រាប់ទៅបោះឆ្នោ​តនៅថ្ងៃបោះឆ្នោត៕