គ.ជ.បអំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវឱ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្រប តា​​​​​​​​មមាត្រា ១៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សកម្មភាព​ឃោ​ស​នា​បោះឆ្នោ​តត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។

គ.ជ.ប នៅថ្ងៃទី ២៣ ខែកុម្ភៈនេះ បាន អំពាវនាវដល់គណបក្សនយោបាយ បេក្ខ​ជ​ន ភ្នាក់ងារគណបក្សនយោបាយ សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹង​ប្រព័ន្ធ​ផ្សព្វ​ផ្សា​យ​​ព័​ត៌​មា​​នគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២៣ ខែកុម្ភៈ រហូត​ដ​ល់​​ម៉ោង ១២:​០​០ ​​​យ​​​ប់​​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាម គ.ជ.ប ​គណបក្សនយោបាយ បេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹង​អ្នកគ្រប់​គ្រង​ប​ណ្តា​​​​​ញ​ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការ​បោះឆ្នោតជ្រើស​តាំ​ង​សមា​ជិក​ព្រឹទ្ធ​ស​ភា សេចក្តីណែនាំ រួមនឹងក្រមសីល​ធ​ម៌​​សម្រាប់ការបោះឆ្នោត។

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង​​វិស័​យ​ការងារឯទៀត ត្រូវផ្តល់កិច្ចសហការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ជាពិសេ​ស​ក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភា​ព​ទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិតធ្វើឱ្យ​មា​ន​កា​រ​ភាន់​ច្រ​ឡំ នាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោត និង​រាប់សន្លឹក​ឆ្នោ​តបាន។

គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភច្បាប់ស្តីពីការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បទបញ្ជា និងនីតិវិធី របស់​ គ.ជ.ប។

គ.ជ.ប សង្ឃឹមយ៉ាងមុតមាំថា គណបក្សនយោបាយ បេក្ខជន ភ្នាក់​​​​​​​ងារគណបក្សនយោបាយ សមា​ជិ​ក និងអ្នកគាំទ្រគណបក្សនយោបាយ រួមនឹង​អ្នកគ្រប់​គ្រង​បណ្តា​ញ​ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ​ នឹង​​​​​​​អនុវត្ត​តា​ម​​​​​​​​​កា​រ​អំពាវនាវនេះឱ្យមានប្រសិទ្ធភាព៕