ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោលចីរភាព ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាល ប្ដេជ្ញាបន្ដអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្ដុំដោយប្រសិទ្ធិភាព និងចីរភាព ហើយឈរលើស្មារតីមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់ឡើយ តាមរយៈកិច្ចអន្ដរាគមន៍របស់រាជរដ្ឋាភិបាល លើគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។
សម្ដេចថ្លែងថា «គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណាឱ្យប្រទេសយើងមានបានកាន់តែរីកចម្រើន តាមរយៈការធ្វើឱ្យប្រជាពលរដ្ឋយើងមានភាពរីកចម្រើនកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់យើង»។
សម្ដេច បន្ដថា ការដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ នេះ ដើម្បីបញ្ចប់សង្គ្រាមទទួលបានសន្ដិភាព និងការឯកភាពជាតិពេញលេញ គឺជាការបង្កើនបរិស្ថានចាំបាច់ ដែលអាចឱ្យកម្ពុជា អនុវត្តជោគជ័យនូវយុទ្ធសាស្ដ្រត្រីកោណ ឬយុទ្ធសាស្ដ្របញ្ចកោណ។ សម្ដេច គូសបញ្ជាក់ថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយជាង ៥០ភារយ នៃឆ្នាំ១៩៩៧ ចុះមកដល់ ១៧ភារយ នៃឆ្នាំនេះ ដែលកើនបន្ដិច ខណៈមុនកូវីដ-១៩ បានទាបជាងនេះបន្ដិច។សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា ៧ភាគរយ តាំងពេលកម្ពុជាបានសុខភាពសន្ដិភាព រហូតដល់ កូវីដ-១៩ បានន័យថា «ជីវភាពប្រជាជនកម្ពុជា មានរីកចម្រើន»។
ជាមួយគ្នានោះ សម្តេចបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗគឺត្រូវបង្កើតវប្បធម៌ និងបង្កើនលក្ខណៈអោយប្រជាជនអាចមានសមត្ថភាពរស់បានដោយខ្លួនឯង ពោលគឺចិញ្ចឹមខ្លួនឯងបាន ទើបចិញ្ចឹមរដ្ឋបាន មិនអាចអោយរដ្ឋចិញ្ចឹមនោះទេ។
សម្តេច ហ៊ុន ម៉ាណែត ថ្លែងថា៖«គោលនយោបាយរបស់រាជរដ្ឋាភិបាលមិនមែនមានតែកម្មវិធីគាំពារសង្គម និងកម្មវិធីមនុស្សធម៌ទេ ពោលគឺយើងបាលវិនិយោគច្រើនណាស់ទៅលើវិស័យអប់រំ វិស័យសុខាភិបាលដើម្បីកសាងមូលធនមនុស្ស ដើម្បីអោយប្រជាពលរដ្ឋមានសមត្ថភាព និងមានសុខភាពតាំងពីក្មេង។ សូម្បីតែកម្មវិធីជំនួយសង្គមក៏ផ្តោតលើស្រ្តីមានផៃ្ទពោះនិងកុមារក្រោម២ឆ្នាំ វិនិយោគទៅលើហេដ្ឋរចនាសម្ព័ន្ធ អគ្គិសនីដែរ ដែលទាំងនោះហើយគឺជាគោលនយោបាយនៅក្នុងការជួយផ្តល់ត្រីអោយប្រជាពលរដ្ឋ»។
កំណើនសេដ្ឋកិច្ចដែលយើងកើន ៧% ក្រោយការបញ្ចប់សង្រ្គាម មិនមែនដោយសាររដ្ឋរកលុយយកទៅចែកប្រជាពលរដ្ឋនោះទេ គឺបានមកតាមរយៈការបង្កើតលទ្ធភាព ការបង្កើតបរិស្ថានសុខសន្តិភាព តាមរយៈការដាក់ចេញគោលនយោបាយជំរុញវិស័យឯកជនឱ្យរីកចម្រើន បណ្តុះបណ្តាលមនុស្ស រកការងារ បង្កើតវិនិយោគផ្សេងៗទាំងក្នុងនិងក្រៅប្រទេសដើម្បីបង្កើតការងារ និងជំរុញបរិស្ថានការងារឱ្យកាន់តែល្អ៕