ភ្នំពេញ៖ លោកស្រី អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ធនធានទឹកដែលមានសព្វថ្ងៃ មិនអាចផ្តត់ផ្គង់ ជូនប្រជាកសិករ ប្រើប្រាស់ដើម្បីធ្វើស្រែប្រាំង បានពេញលេញគ្រប់គ្រាន់តាមតម្រូវការនោះទេ ប្រសិនបើពួកគេ សម្រុកធ្វើទាំងអស់គ្នា។
ការលើកឡើងរបស់លោកស្រី អ៊ឹម រចនា បែបនេះធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចេញសេចក្តីណែនាំស្តីពី ការផ្អាកការងារបង្កបង្កើនផលស្រូវ នៅរដូវប្រាំងលើកទី២ ដោយហេតុ បញ្ហាខ្វះទឹកប្រើប្រាស់ ព្រោះការបង្កបង្កើនផលស្រូវ របស់ប្រជាកសិករលើសផែនការ ប្រើប្រាស់ទឹក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន តាមរយ:ប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ លោកស្រី អ៊ឹម រចនា បានឱ្យដឹងថា “ងាកមកបញ្ហានៅខេត្តពោធិ៍សាត់ ដែលរដ្ឋបាលខេត្តលោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ហាមឃាត់ការធ្វើស្រែប្រាំងនៅរដូវខាងមុខនេះគឺ ដោយសារអាជ្ញាធរខេត្ត និងមន្ទីរធនធានទឹក មន្ទីរកសិកម្មនៅខេត្តពោធិ៍សាត់ហ្នឹង យើងបានធ្វើការរួមគ្នា ហើយយើងបានគណនាច្បាស់លាស់មែនទែនថា ធនធានទឹកដែលយើងមានរាល់ថ្ងៃនេះ អាចផ្គត់ផ្គង់ការបង្កបង្កើនផលស្រូវប្រាំងបានទំហំ ប៉ុណ្ណា ហើយយើងច្បាស់ណាស់ថា មិនអាចផ្គត់ផ្គង់បានពេញលេញគ្រប់គ្រាន់ជូនដល់ប្រជាកសិករទាំអស់ទេ បើលោកសម្រុកធ្វើទាំងអស់គ្នា”។
ជាមួយគ្នានោះ លោកស្រី បញ្ជាក់ថា ធនធានទឹកដែលមាន មិនមែនប្រើប្រាស់តែការងារបង្កបង្កើនផលមួយមុខនោះទេ តែត្រូវចែករំលែកមួយផ្នែកសម្រាប់ការប្រើប្រាស់ទូទៅដែរ។លើសពីនេះទៀត លោកស្រី អ្នកនាំពាក្យ បញ្ជាក់បន្ថែមថា ចំពោះបញ្ហាខ្វះទឹកប្រើប្រាស់ ដើម្បីធ្វើស្រែនេះ គឺមិនមែនមានតែនៅកម្ពុជាមួយនោះទេដែលខ្វះទឹកប្រើប្រាស់ ពោលគឺប្រទេសជិតខាងកម្ពុជា គឺប្រទេសវៀតណាម ក៏មានការខ្វះទឹកប្រើប្រាស់ផងដែរ។
យោងតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំឆ្នាំ២០២៣ ឱ្យដឹងថា សភាពការណ៍រួមនៅក្នុងឆ្នាំ២០២៣ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ហ.ត ស្មើនឹង១១១,២៥% នៃផែនការចំនួន ៤៩៨ ១៧០ហ.ត។ វិធានការជួយសង្គ្រោះបន្ទាន់ និងវិធានការជំរុញផលិតកម្មដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្មត្រូវបានដាក់ចេញ និងអនុវត្តយ៉ាងសកម្មដើម្បីជួយដល់កសិករ។
រីឯការចូលរួមទប់ស្កាត់បទល្មើស ជាពិសេសបទល្មើសព្រៃឈើ បទល្មើសជលផល បទល្មើសចលនាសត្វដោយខុសច្បាប់ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្រោមកិច្ចសហការជាមួយគណៈកម្មការអន្តរក្រសួង។ ចំណែកឯការចុះធ្វើអធិការកិច្ចជី-ថ្នាំកសិកម្ម ការជំរុញការងារផ្សព្វផ្សាយកសិកម្មតាមគ្រប់រូបភាពបានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មទៅតាមភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២៣នេះ គឺបានរៀបចំកិច្ចប្រជុំការងារចាំបាច់ ការបន្តរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។
មកទល់ពេលនេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន ៥៥៤ ២១០ហ.ត ស្មើនឹង១១១,២៥% នៃផែនការចំនួន ៤៩៨ ១៧០ហ.ត លើសឆ្នាំមុន ៩៦ ៨២០ហ.ត និងការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ហ.ត ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤តោន និងទិន្នផលគិតជាមធ្យម ៣,២៩៥តោន/ហ.ត។
ក្រសួងបានជំរុញដល់គ្រប់អង្គភាពជំនាញទាំងអស់ ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់គិតគូរទៅលើការចុះអន្តរាគមន៍ទាន់ពេលវេលាក្នុងការស្ដារការប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ការរាតត្បាតដោយសមាសភាពចង្រៃ ការកើតជំងឺផ្សេងៗលើដំណាំកសិកម្ម ជំងឺឆ្លងសត្វ និងការត្រៀមលក្ខណៈនៅពេលកសិករទទួលរងនូវផលប៉ះពាល់ផ្សេងៗជាយថាហេតុ។
អង្គភាពជំនាញនៅតែខិតខំបន្តពង្រឹងការអនុវត្តច្បាប់ ការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗតាមការចាំបាច់យ៉ាងយកចិត្តទុកដាក់ ការជំរុញឱ្យចុះត្រួតពិនិត្យ និងចាត់វិធានការជាក់ស្តែង ដើម្បីលុបបំបាត់បទល្មើសចលនាសត្វឈឺក្នុងតំបន់ផ្ទុះជំងឺ បទល្មើសព្រៃឈើ និងបទល្មើសជលផលតាមគ្រប់រូបភាព ព្រមទាំងសហការពង្រឹងយន្តការគ្រប់គ្រង ការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យដោយគិតគូរជាចម្បងទៅលើគុណភាព សុវត្ថិភាព និងសុខុមាលភាពសាធារណៈ។
ជាមួយគ្នានេះ ក្រសួងបានបន្តជំរុញឱ្យគណៈកម្មការ និងក្រុមការងារដែលបានរៀបចំរួចហើយដើម្បីចូលរួមដោះស្រាយលើរាល់បញ្ហាប្រឈមទាំងឡាយដែលកើតឡើងនៅតាមអនុវិស័យនីមួយៗ។ ទន្ទឹមនឹងនេះ ផ្នែកសេវាកម្ម ដំណើរការនៃកំណែទម្រង់ផ្សេងៗតាមអនុវិស័យសំខាន់ៗ ជាអាទិ៍ក្នុងក្របខ័ណ្ឌកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការប្រមូលចំណូលបង់ចូលថវិកាជាតិ កិច្ចការសវនកម្ម ការចុះធ្វើអធិការកិច្ចតាមបណ្តាអង្គភាពក្រោមឱវាទ ការចុះធ្វើអធិការកិច្ចលើការធ្វើអាជីវកម្មសម្ភារកសិកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា រួមទាំងការរៀបចំផែនការយុទ្ធសាស្រ្តឱ្យសម្រេចបាននូវលទ្ធផលល្អប្រសើរតាមផ្នែកនីមួយៗស្របតាមផែនការអភិវឌ្ឍន៍វិស័យកសិកម្ម៕