ភ្នំពេញ៖ លោក ស៊ឺន សម អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថាសមាជិកអតីតគណបក្សសង្រ្គោះជាតិ សុំចូលមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ ជាបន្តបន្ទាប់នោះ គឺពួកគេ បានយល់ដឹង ពីតម្លៃនៃសន្តិភាពពិតប្រាកដ។
ការលើកឡើងរបស់ លោក ស៊ឺន សម បែបនេះបន្ទាប់ពី សម្ដេច សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាស ស្វាគមន៍ លោក ឡុង គឹមឃន (ឈ្មោះហៅក្រៅសូ សមយុទ្ធ) ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ បានសុំចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពីពេលនេះតទៅ។
ថ្លែងប្រាប់ អង្គភាពសារព័ត៌មាន ខ្មែរឈានមុខ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោក ស៊ឺន សម ថា កាលដែលសមាជិកគណបក្សប្រឆាំងមួយចំនួន ចូលរួមជាមួយរាជរដ្ឋាភិបាលជាបន្តបន្ទាប់ គឺទី១.អាចជានិន្នាការពិភពលោក មានន័យថា ក្នុងពិភពលោកសព្វថ្ងៃ ប្រទេសណាដែលល្អជាងគេក្នុងក្របខ័ណ្ឌនយោបាយ ឬលទ្ធិប្រជាធិបតេយ្យ នោះគ្រាន់ជាគ្រឹះស្ដីមួយគ្រានៅពេលដែលប្រទេសមិនទាន់កើតមានបញ្ហានោះទេ។ ប៉ុន្តែនៅពេលដែលប្រទេសមានបញ្ហា គឺប្រទេសដែលជាប្រជាធិបតេយ្យនោះ ចាត់ការខ្លាំងជាងប្រទេសដែលមិនមែនប្រជាធិបតេយ្យទៀត។ ទី២.និន្នាការពិភពលោក ដែលប្រទេសផ្សេងៗ កំពុងតែមានវិបត្តិ មានសង្រ្គាមតែប្រទេសកម្ពុជា អាចរក្សាសណ្ដាប់ធ្នាប់បាន។ អាចនិយាយបានថា មានកត្តាទាំងនេះហើយ ទើបធ្វើឱ្យសមាជិកគណបក្សប្រឆាំងមួយចំនួននោះ សម្រេចចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះពួកគេគិតថា សព្វថ្ងៃមិនដឹងមានគណបក្សណាទៀត ដែលមានភាពរឹងមាំដូចគណបក្សប្រជាជនកម្ពុជានោះទេ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយរូបនេះ សង្កត់ធ្ងន់ថា ជាងនេះទៀត សម្រាប់ ការចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់ពួកគេ អាចពាក់ព័ន្ធជាមួយជម្រើសផង និងអាចពាក់ព័ន្ធជាមួយនិន្នាការនៃការថែរក្សាសន្តិភាពផងដែរ។
អ្នកជំនាញដដេលរូបនេះ បន្ថែមថា «សរុបជារួមកាលដែលសមាជិករបស់គណបក្សប្រឆាំងចូលរួមជាមួយរដ្ឋាភិបាលជាបន្តបន្ទាប់នោះ គឺអាចបណ្ដាលមកពីសមាជិកទាំងនោះ បានយល់ដឹងអំពីតម្លៃនៃសន្តិភាពពិតប្រាកដ បានយល់ដឹងពីតម្លៃស្ថេរភាពពិតប្រាកដ ហើយពេលខ្លះដោយសារតែយល់ឃើញថា មានការតែការរួបរួម មានតែការរស់នៅក្នុង សុខសន្តិភាព ស្ថេរភាពទេ ដែលទើបធ្វើឱ្យជីវិតក្រុមគ្រួសារ ទើបធ្វើឱ្យជីវិតសហគមន៍ ទើបធ្វើឱ្យដំណើរការវិវត្តន៍របស់ប្រទេសហ្នឹង បានល្អប្រសើរទៅបាន»៕