នាវាទេសចរណ៍ Westerdam នឹងនាំយកភ្ញៀវទេសចរ ១៥០០នាក់ មកកម្ពុជាម្តងទៀតនៅចុងខែនេះ

ភ្នំពេញ៖ បើមិនមានអ្វីប្រែប្រួលទេ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam នឹងនាំយកភ្ញៀវទេសចរ ១៥០០ នាក់មកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទស្សនាប្រទេសកម្ពុជាជាពិសេសខេត្តព្រះសីហនុ  និងរំលឹកខួប៣ ឆ្នាំ  ដែលកម្ពុជាបានអនុញ្ញាតឱ្យនាវានេះ ចូលចត ខណៈប្រទេសមួយចំនួនបានបដិសេធ ព្រោះខ្លាចឆ្លងនូវជំងឺកូវីដ ១៩។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុនៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នេះប្រាប់ថា សម្រាប់នាវាទេសចរណ៍ Westerdam នេះ នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង ៨ ព្រឹកនាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ ដោយនាំ ភ្ញៀវទេសចរណ៍ចំនួន ជាង ១៥០០ នាក់ ។ ក្នុងនោះភ្ញៀវទេសចរខ្លះនឹងធ្វើដំណើរកម្សាន្តនៅឆ្នេរកោះរ៉ុង និងខ្លះទៀត នឹងទស្សនានៅក្នុងក្រុងព្រះសីហនុ និងមួយចំនួនទៀត នឹងធ្វើដំណើរមកលេងកម្សាន្តនៅរាជធានីភ្នំពេញ និងមួយចំនួនទៀតទៅលេងកម្សាន្តនៅខេត្តសៀមរាប។

លោក ឡុង ឌីម៉ង់ ថ្លែងថា ៖ «  ភ្ញៀវទេសចរទាំងអស់នោះ ដែលមកតាមនាវាទេសចរណ៍ Westerdam នឹងមកដល់ប្រហែលជា ១៥០០ នាក់  ប៉ុន្តែ ប្រហែលជាត្រឡប់ទៅតាមនាវាវិញ ប្រមាណជា ៩០០ នាក់  ។ អីចឹងទេ អាជ្ញាធរខេត្តព្រះសីហនុបាននឹងកំពុងត្រៀម  រៀបចំការទទួលភ្ញៀវទេសចរផង មិនតែប៉ុណ្ណោះ គឺជារំលឹកខួប  រយៈពេល ៣ ឆ្នាំនៃការចូលសំចតរបស់នាវានេះ កាលពីឆ្នាំ ២០២០» ។

នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេច ហ៊ុន សែន  អតីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន ២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។

បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា សម្តេច ហ៊ុន សែន ថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។

ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀតចូលចតនេះ សម្ដេច ហ៊ុន សែន ទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។

ការសម្រេចចិត្តរបស់សម្តេច ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕