សម្តេច ហ៊ុន សែន ប្រកាសសារជាថ្មីថា នឹងមិនជះឥទ្ធិពលទៅលើកិច្ចការរបស់នាយករដ្ឋមន្រ្តីថ្មីនោះទេ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសារជាថ្មីថា សម្តេចនឹងមិនជះឥទ្ធិពលទៅលើកិច្ចការរបស់នាយករដ្ឋមន្រ្តីថ្មីដែលដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលខាងមុខនោះទេ។

ថ្លែងនៅក្នុងឱកាសចូលរួមសម្ពោធសមិទ្ធផលផ្លូវក្រវ៉ាត់ក្រុងទី៣ នាថ្ងៃ៣ សីហានេះ
សម្តេច ហ៊ុន សែនបានបញ្ជាក់ថា ការមិនជ្រៀតជ្រែកនេះ គឺដោយសារតែសម្តេចចង់ឱ្យនាយករដ្ឋមន្រ្តីថ្មីទទួលភាពឯករាជ្យក្នុងការធ្វើសេចក្តីសម្រេចរបស់ខ្លួន។

សម្តេច បញ្ជាក់ថា៖ “យើងមិនព្យាយាមក្នុងការជះឥទ្ធិពល ទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី របស់រដ្ឋមន្រ្តី នានាតាមស្ថាប័ននោះទេ។ រឿងនេះវាជាបទពិសោធន៍ដែលមានសម្រាប់ខ្ញុំ ខ្ញុំក៏ត្រូវយកឧទាហរណ៍នេះ ឱ្យនាយករដ្ឋមន្រ្តីក្រោយ ឱ្យរដ្ឋមន្រ្តីក្រោយ គេធ្វើការងាររបស់គេ”។

សម្តេច ហ៊ុន សែនបន្តថា “ខ្ញុំដោយមានបទពិសោធន៍ធ្លាប់ធ្វើនាយករដ្ឋមន្រ្តី ដោយមិនមែនជាប្រធានគណបក្ស គឺខ្ញុំនឹងធ្វើឱ្យអ្នកបន្តវេនពីខ្ញុំ គេទទួលបាននូវភាពឯករាជ្យក្នុងការធ្វើសេចក្តីសម្រេច តែការសម្រេចយ៉ាងណាក៏ដោយ កុំឱ្យខុសពីគោលនយោបាយរបស់គណបក្សដែលបានដាក់ការសន្យាចំពោះម្ចាស់ឆ្នោតដែលបានបោះឆ្នោត”៕