ភ្នំពេញ៖ ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេច ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ម្សិលមិញនេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ២៧ ខែកក្កដានេះ បានសរសេរនៅលើបណ្តាញសង្គមថា ការអនុវត្តផែនការបន្តវេននេះជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជានាសតវត្សរ៍ទី២១ ដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេលើពិភពលោក និងជាអ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា នឹងចាកចេញពីតំណែងជានាយកដ្ឋមន្ត្រី នៅថ្ងៃទី២២ ខែសីហា ខាងមុខ ហើយលោក ហ៊ុន ម៉ាណែត ដែលអ្នកដឹកនាំជំនាន់ទី២ នឹងចូលមកទទួលខុសត្រូវក្នុងមុខតំណែងដ៏មានសារៈសំខាន់មួយនេះ។
លោកបន្តថា ក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំមកនេះ កម្ពុជាមិនដែលមានការផ្ទេរអំណាចឬការបន្តវេនប្រកបដោយសន្តិភាពនិងសេចក្តីស្ងប់សុខម្តងណាទេ។ ប្រទេសដ៏កម្សត់មួយនេះពើបប្រទះតែសង្គ្រាមដណ្តើមអំណាច ចលាចលសង្គម ការបែកបាក់ជាតិ និងការរស់ក្រោមនឹងត្រួតត្រាបរទេស ដែលកើតមានស្ទើរគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ, ជាពិសេស ក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៧០-១៩៨០ ប្រវត្តិសាស្ត្រកម្ពុជាចារដោយភ្នំឆ្អឹង ស្ទឹងឈាម និងសមុទ្រទឹកភ្នែកនៃប្រជាជនខ្មែរ។
លោកបន្ថែមថា ក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់អ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា ប្រជាជាតិកម្ពុជាទាំងមូលបានរួចរស់ពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបានដណ្តើមមកវិញនូវសិទ្ធិរស់រានមានជីវិត, បានស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសង្គមនិងសេដ្ឋកិច្ចពីគំនរផេះផង់នៃភ្នក់ភ្លើងសង្គ្រាម, បានធ្វើឱ្យរស់ឡើងវិញនូវព្រលឹងនៃវប្បធម៌ជាតិ ជំនឿ សាសនា និងប្រពៃណី និងនាំត្រឡប់មកវិញនូវប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជន។
បើតាម លោក គិន ភា រយៈពេលជាង៤ទសវត្សរ៍មកនេះ ជាមួយនឹងការយកអាយុជីវិតជាដើមទុន អ្នកដឹកនាំជំនាន់ទី១នៃគណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេច ហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុរំដោះជាតិ, ស្តារនិងកសាងប្រទេសជាតិឡើងវិញ, ទប់ស្កាត់ការវិលត្រឡប់នៃរបសប្រល័យពូជសាសន៍, នាំមកនូវសន្តិភាពពេញផ្ទៃប្រទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ, អភិវឌ្ឍជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជាងពីរទសវត្សរ៍, នាំមកនូវមោទនភាពនិងកិត្យានុភាពជាតិលើឆាកអន្តរជាតិ, លើកកម្ពស់តួនាទីកម្ពុជាក្នុងកិច្ចការតំបន់និងពិភពលោក, ពង្រឹងដំណើរការប្រជាធិបតេយ្យភាវូបនិយកម្ម, លើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋ, និងការពារយ៉ាងប្តូរផ្តាច់នូវអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិ។
លោកបន្ថែមទៀតថា ឥឡូវនេះ រដ្ឋបុរសដ៏មហិមាម្នាក់នេះ និងអេគីបរបស់គាត់ បានផ្ទេរការទទួលខុសត្រូវដ៏សំខាន់ស្លាប់រស់ទាំងនេះទៅកាន់អ្នកបន្តវេន គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងអេគីបថ្មីរបស់គាត់ ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ជាពិសេស ថែរក្សានិងការពារឱ្យបានជាដាច់ខាតនូវសមិទ្ធផលនិងមរតកទាំងឡាយដែលអ្នកដឹកនាំជំនាន់ទី១បង្កើតឡើងនិងបន្សល់ទុក, សម្រេចឱ្យបាននូវចក្ខុវិស័យដែលអ្នកដឹកនាំជំនាន់ទី១បានដាក់ចេញ ដូចជា ការរំដោះកម្ពុជាចេញពីឋានៈនៃប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC), ការប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ជាដើម, ព្រមទាំងបង្កើតនូវសមិទ្ធផលនិងមរតកថ្មីៗថែមទៀត សម្រាប់អ្នកជំនាន់ក្រោយ ដើម្បីឱ្យពួកគេកាន់តែមានមោទនភាពនិងសុទិដ្ឋិយមចំពោះប្រទេសជាតិ។
លោកថ្លែងថា៖ “ពេលនេះ ជាងពេលណាៗទាំងអស់ ដែលប្រជាជាតិកម្ពុជាទាំងមូល គាំទ្រ អបអរសាទរ និងមានសេចក្តីសប្បាយរីករាយយ៉ាងក្រៃលែងចំពោះការអនុវត្តផែនការបន្តវេននៃមគ្គុទេសក៍ជាតិ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ ហើយដែលឆ្លើយតបទៅនឹងឆន្ទៈរបស់ប្រជាពលរដ្ឋនិងសំណូមពរនៃសភាពការណ៍សង្គមនិងនយោបាយ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូបផ្ញើក្តីសង្ឃឹមទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តដឹកនាំនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវ និងត្រូវការពារឱ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន ដែលជាបណ្ដាំដ៏ថ្លៃថ្លារបស់សម្តេចហ៊ុន សែន”។
ជុំវិញបញ្ហានេះ លោក ស សុខា កូនប្រុសច្បងរបស់សម្តេច ស ខេង និងបើមិនមានអ្វីប្រែប្រួលទេ នឹងក្លាយជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ស្រាប់អាណត្តិថ្មីនេះ បានឱ្យដឹងថា សាររបស់សម្ដេច ហ៊ុន សែន និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ!។
លោកបញ្ជាក់ថា សេចក្ដីថ្លែងសារពិសេសរបស់សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេស ព្រះរាជតម្រិះរិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជារៀបចំផែនការជាតិដ៏គត់មត់ ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។
លោកថ្លែងថា៖ “នេះគឺជាមេរៀនបទពិសោធន៍កាត់ថ្លៃមិនបាន និងមិនអាចរកសាលារៀនបាន សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្ដី និងអ្នកបន្តវេនដទៃទៀតក្ដី។ ទន្ទឹមនឹងការគោរពនូវសេចក្ដីថ្លែងសារដ៏សំខាន់បំផុតសម្រាប់ជាតិ ខ្ញុំ និងគ្រួសារ ព្រមទាំងក្រុមការងារ សូមសម្ដែងនូវគារវកិច្ចប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួននូវការចាត់តាំង ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសសភាពគណៈរដ្ឋមន្ត្រីថ្មីមួយទៅសុំសេចក្ដីទុកចិត្តពីរដ្ឋសភានាពេលខាងមុខដ៏ខ្លីនេះ”។
លោកសង្កត់ធ្ងន់ថា ជាអត្តនោម័តរបស់លោក ដែលតែងតែបានប្រាស្រ័យទាក់ទងពិភាក្សាការងារជាមួយគ្នា លោក ហ៊ុន ម៉ាណែត ពោរពេញដោយសមត្ថភាពចម្រុះពេញលេញ មានព្រហ្មវិហារធម៌ និងមានទឹកចិត្តជាកុសលដ៏ទូលំទូលាយ បើកចំហរលើការសន្ទនាគ្រប់បញ្ហា ស័ក្តិសមបំផុតជាអ្នកដឹកនាំយើងខ្ញុំ និងរាជរដ្ឋាភិបាល ជារួមគឺ កម្ពុជាទាំងមូល ដែលនឹងនាំមកនូវអធិបតេយ្យជាតិ ពោលគឺ ធ្វើឱ្យកម្ពុជារឹងមាំរុងរឿងរីកចម្រើន បានជាប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅដោយសុខសាន្តសំបូរសប្បាយ តាមពាក្យស្លោក«ខ្មែរសាមគ្គី ខ្មែរឈ្នះ, រួបរួមគ្នា ដើម្បីកម្ពុជារុងរឿង»។
លោកកថ្លែងទៀតថា៖ “ ពិតហើយថា គ្មានការជួបជុំណាដែលថាមិនបែក និងទោះបីដឹងថា ពេលណាមួយសម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំជាន់ខ្ពស់ នឹងចាកចេញពីរាជរដ្ឋាភិបាល ព្រលែងដៃប្រគល់ឱ្យអ្នកបន្តវេនជំនាន់ក្រោយរួមគ្នាដឹកនាំក្ដី សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមានអារម្មណ៍ដូចជាបាត់អ្វីម្យ៉ាង ខ្វះអ្វីម្យ៉ាង តែលតោលអល់ឯករសាប់រសល់ក្នុងចិត្តជាពន់ពេក។ សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់របស់បក្ស និងរាជរដ្ឋាភិបាល គឺជាបង្គោលដ៏រឹងមាំនៃយើងខ្ញុំ និងជាតិទាំងមូល ដែលខ្ញុំផ្ទាល់ក្ដី ប្រជាពលរដ្ឋក្ដី យុវជនប្រុសស្រីក្ដី តែងបានរៀនសូត្រពីមេរៀនដឹកនាំរបស់លោកមិនអាចប្រកែកបាន។ យើងខ្ញុំ នៅតែចងចាំ និងដឹងនូវគុណូបការៈមិនអាចបំភ្លេចបានឡើយ ជាពិសេស នៅតែបន្តរៀនសូត្រលុះអវសានពីសំណាក់ សម្ដេចតេជោ និងឥស្សរជនជាថ្នាក់ដឹកនាំចាស់ទុំទាំងអស់ តាមទស្សនៈ «ក្មេងរត់លឿន តែចាស់ស្គាល់ផ្លូវ, ចាស់ធ្លាប់ក្មេង តែក្មេងមិនធ្លាប់ចាស់”។
យ៉ាងនេះក្តី ក្រោយពីសម្តេច ហ៊ុន សែន ថ្លែងសារពិសេស នៅក្នុង Twitter ផ្លូវការសម្តេច ហ៊ុន សែន នៅ ថ្ងៃទី ២៦កក្កដានេះ សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុតដែលចងចាំជានិច្ចក្នុងជីវិតតស៊ូរបស់សម្តេចថា ៖ ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបាន ប្រកាសថាហ៊ុន ម៉ាណែតនឹងក្លាយជា នាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃទី ២២ ខែ សីហា២០២៣ខាងមុខនេះ”។
សម្តេច សរសេរថា “ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០តុលា១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយ ម្តាយបានខិតខំរស់ដើម្បីជួបជុំជាមួយពុក វិញ”។
សម្តេច សរសេរផ្តាំផ្ញើ និងណែនាំ លោក ហ៊ុន ម៉ាណែតដែលជាកូនប្រុសរបស់សម្តេច ថា៖ “ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់ កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាន នូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិង ភាពសុខសាន្តរបស់ប្រជាជន។”
នៅក្នុងការថ្លែងសារពិសេសកាលពីម្សិលមិញនេះ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា ដើម្បីបានក្លាយជានាយករដ្ឋមន្ត្រីក្នុងតំណែង លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ៤ដំណាក់កាលសំខាន់ៗគឺ៖ ការឯកភាពពីផ្ទៃក្នុងគណបក្ស ជាបេក្ខភាពនាយករដ្ឋមន្ត្រី ការជាប់ឆ្នោតជាតំណាងរាស្រ្ត ទទួលបានការចាត់តាំងពីព្រះមហាក្សត្រជានាយករដ្ឋមន្ត្រីឱ្យបង្កើតរាជរដ្ឋាភិបាល និង ទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។
ត្រង់ចំណុចនេះ សម្តេច ហ៊ុន សែនបញ្ជាក់ទៅក្រុមប្រឆាំង និង កាសែតបរទេស ថា មិនមែនជាការផ្ទេរអំណាចពីឪពុក ទៅកូននោះទេ គឺធ្វើឡើងផ្អែកទៅលើច្បាប់រដ្ឋធម្មនុញ្ញដែលមានស្រាប់ប៉ុណ្ណោះ ។
ក្រោយការប្រកាស មិនបន្តតំណែងជានាយករដ្ឋមន្ត្រី របស់សម្តេច ហ៊ុន សែន និង ផ្តល់ អំណាចជានាយករដ្ឋមន្ត្រី ទៅ លោក ហ៊ុន មាណែត នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រភ្លូកទឹកភ្លូកដី គេសង្កេតឃើញសារអបអររសាទរ និងគាំទ្រយ៉ាងពេញទំហឹង ធ្លាក់មកព្រោងព្រាតតាមបណ្តាញសង្គមពីសំណាក់ប្រជាពលរដ្ឋ ធម្មតា និងរដ្ឋមន្ត្រីនៅក្នុងតំណែងមួយចំនួន ជូន លោក ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាឆាប់ៗខាងមុខនេះផងដែរ៕