សម្តេច ហ៊ុន សែន ប្រកាសថា សម្តេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ

ភ្នំពេញ៖ តាមរយៈសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងលទ្ធផលបឋមនៃការបោះឆ្នោត និងការងាររៀបចំរាជរដ្ឋាភិបាលថ្មី នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះប្រកាសថា សម្តេចនឹងមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ

សម្តេច ហ៊ុន សែន ពន្យល់ថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលខាងមុខនេះគឺមិនបានរំលងនីតិវិធីទាំងឡាយនោះឡើយដែលបានកំណត់ទៅតាមច្បាប់នោះទេ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយសម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានថ្លែងទៀតថា សម្តេចមិនជ្រៀតជ្រែកការងាររបស់នាយករដ្ឋមន្ត្រីថ្មី លោក ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។ សម្ដេច បញ្ជាក់ទៀតថា លោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។

សម្ដេច ហ៊ុន សែន ក៏សុំការគោរព ស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះនាយករដ្ឋមន្ត្រីថ្មី គឺលោក ហ៊ុន ម៉ាណែត ដែលនឹងបន្តដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនតទៅមុខទៀត៕