តើរដ្ឋាភិបាលអាណត្តិថ្មី ត្រូវដោះស្រាយគោលនយោបាយអ្វីជាអាទិភាព?

ភ្នំពេញ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ត្រូវបានបិទបញ្ចប់ និងបង្ហាញឱ្យឃើញក្រៅផ្លូវការថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលទទួលបានជោគជ័យលើការបោះឆ្នោតនេះ នឹងឈានទៅដឹកនាំរដ្ឋាភិបាលបន្ត ក្នុងអាណត្តិថ្មីដើម្បីអភិវឌ្ឍប្រទេស។

តើរដ្ឋាភិបាលអាណត្តិថ្មីដឹងនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវផ្តោតលើការកំណែទម្រង់គោលនយោបាយជាអាទិភាពអ្វីខ្លះ?

លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ប្រាប់Khmer CM នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បាន ឱ្យដឹងថា បញ្ហាទំនាស់ដីធ្លី វិបត្តិតម្លៃកសិកម្ម យុត្តិធម៌សង្គម តម្លាភាពសង្គម និងគម្លាតសង្គម ដែលនៅសេសសល់ពីអាណត្តិមុនៗ និងបញ្ហាអប់រំនូវមូលដ្ឋាន រដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គួរតែយកចិត្តទុកដាក់ស្រាយជាអាទិភាព ដើម្បីផ្តល់ភាពកក់ក្តៅដល់ម្ចាស់ឆ្នោត។

លោក យង់ ពៅ បន្តថា រដ្ឋាភិបាលអណត្តិថ្មីទី៧នេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ត្រូវពិនិត្យមើលទៅលបញ្ហាដែលនូវសេសសល់ពីអាណត្តិចាស់ៗ យកមកដោះស្រាយ ដើម្បីផ្តល់នូវភាពកក់ក្តៅ និងថាពលថ្មីទៅដល់ប្រជាជនដែលម្ចាស់ឆ្នោត។

លោកបន្ថែមថា បញ្ហាទាំងនោះ រួមមានបញ្ហាទំនាស់ដីធ្លី វិបត្តិតម្លៃកសិផល យុត្តិធម៌សង្គម គម្លាតសង្គម គឺជាបញ្ហាអាទិភាពក្នុងការដោះស្រាយ ដើម្បីផ្តល់ភាពកក់ក្តៅដល់ម្ចាស់ឆ្នោត។ រីឯបញ្ហាអាទិភាព សម្រាប់គោលយោបាយ សម្រាប់អភិវឌ្ឋជាតិបន្តទៀតនោះ រដ្ឋាភិបាលថ្មី គួរតែកែម្រង់លើវិស័យអប់រំ កុមារតូច ឱ្យមានគ្រឹះមាំ ខណៈដែលយុវជនរបស់យើងបច្ចុប្បន្ននេះ មានភាពខ្លាំង និងប្រឡងនៅក្រៅប្រទេសជាប់។

លោកថ្លែងថា “នៅពេលដែលយើងកំណែទម្រង់ថ្នាក់មូលដ្ឋាន នេះ យុវជនរបស់យើងកាន់តែខ្លាំងថែមទៀត។ គោលនយោបាយរបស់គណបក្សប្រជាជនមានហើយ ប៉ុន្តែ ត្រូវជំរុញ និងអនុវត្តឱ្យបានប្រកដប្រជាជាក់ស្តែងគោលនយោបាយអប់រំ យុវជន ១លាន ៥ សែនហ្នឹង និងជំរុញវិស័យឌីជីថល ព្រោះសម័យនេះ ជាមម័យបច្ចេកវិទ្យា” ។

លោក កែវ មាលា ប្រធានសមាគមបញ្ញាវន្ត ដើម្បីសន្តិភាព ប្រាប់ Khmer CM នៅថ្ងៃទី ២៥ ខែកក្កដាថា លោកយល់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គួរតែផ្តោតលើវិស័យអទិភាពចំនួន៥៖ រួមមាន ១ វិស័យអចលនទ្រព្យ ដែលកំពង់មានឱនភាព ២ វិស័យទេសចរណ៍ ដែលកំពុងជួប បញ្ហាក្រោយកូវីដ និង សង្គ្រាមរវាងអ៊ុយក្រែន រូស្សី ៣ វិស័យកសិកម្ម ព្រោះថា នៅពេលសេដ្ឋពិភពលោកជួបបញ្ហា យើងត្រូវតែរស់របៀបយើង និងកសិឧស្សាហកម្ម ៤ វិស័យអប់រំ ព្រោះថា ការអភិវឌ្ឍទាមទារឱ្យមានធនធានគ្រប់គ្រាន់ និង ៥ វិស័យកាត់ដេរ ដោយវិស័មួយនេះដើរតួនាទីយ៉ាងសំខាន់តាំងពីបង្កើតរដ្ឋាភិបាលអាណត្តិទីមួយមកម្ល៉េះ។

ជុំវិញបញ្ហានេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់ Khmer CM ឱ្យដឹងនៅថ្ងៃទី ២៥ ខែកក្កដានេះថា រាជរដ្ឋាភិបាលថ្មី សម្រាប់អាណត្តិទី ៧ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ដែលត្រូវបានអនុម័តដោយមហាសន្និបាតតំណាងទូទាំងប្រទេស មិនមែនផ្តោតតែទៅលើវិស័យតែមួយនោះទេ ។

លោកបន្តថា ចំពោះរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតនេះ គឺត្រូវប្រែក្លាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឱ្យ ទៅជា លទ្ធផលជាក់ស្តែង ស្របតាមឆន្ទៈរបស់ប្រជាជនកម្ពុជា ក្នុងនីតិកាលទី ៧នេះ។

លោកថ្លែងថា “ ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកន្លងទៅ គឺផ្អែកទៅលើការកសាងធនធានមនុស្ស ទឹក ផ្លូវ និងភ្លើង អាហ្នឹងជាបញ្ហាសំខាន់ដែលត្រូវបានយកចិត្តទុកដាក់ ។ អីចឹង យើងឃើញថា ការយកចិត្តទុកដាក់រាជរដ្ឋាភិបាលនីតិកាលទី ៦ ទោះបីជាប់ដៃប្រយុទ្ធប្រឆាំងជំងឹកូវីដ ១៩ យ៉ាងណាក៏ដោយ ក៏យើងខិតខំដើម្បីជំរុញវិស័យទាំង ៤ នេះដែរ”៕