លោក យ៉េង វិរៈ ទទួលស្គាល់លទ្ធផលបោះឆ្នោត និងប្រកាសផ្ទេរ ការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយ

ភ្នំពេញ៖ លោក យ៉េង វិរៈ ប្រធានគណបក្សប្រជាធិតេយ្យមូលដ្ឋាន បានប្រកាសទទួលស្គាល់ចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងនិងប្រកាសផ្ទេរ ការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយ។

តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ លោក យ៉េង វីរៈ បានសម្តែងការអរគុណដល់បងប្អូនដែលបានបោះឆ្នោតជូន គបម ហើយក៏សូមចូលរួមសោកស្តាយដែលមិនអាចទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីទទួលបានអាសនៈនៅរដ្ឋសភានីតិកាលទី៧នេះ។

លោកបន្តថា លទ្ធផលបោះឆ្នោតបឋម បានចេញហើយ លោកបានឃើញ និងគោរពទទួលស្គាល់ការសម្រេចចិត្តរបស់បងប្អូនម្ចាស់ឆ្នោត។ ដូចបានជម្រាបជូនកន្លងមក គបម គ្រាន់តែបង្កើតជាជម្រើសជូនបងប្អូនប៉ុណ្ណោះ ព្រោះវាជាផ្លូវតែមួយគត់ដែលឲ្យយើងអាចដោះស្រាយបញ្ហានិងស្រោចស្រង់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

លោកថ្លែងថា “ សម្រាប់រូបខ្ញុំផ្ទាល់ ទោះបងប្អូនមិនបានបោះឆ្នោតគាំទ្រឲ្យជាប់ជាតំណាងរាស្ត្រនៅរដ្ឋសភាក៏ដោយ ក៏ខ្ញុំមិនមានការខកចិត្ត ខកបំណងអ្វីដែរ។ ខ្ញុំមិនដែលមានបំណងប៉ងលើតំណែងតួនាទីអ្វីទេ ខ្ញុំបានបំពេញការងារកន្លងមកដោយមនសិការសុច្ចរិត និងពេញចិត្តនឹងបំពេញការងាររក្សាឧត្តមគតិ ពង្រឹងគោលជំហររឹងមាំទោះជាឆ្លងកាត់ឧបសគ្គយ៉ាងណាក៏ដោយ”។

លោកថ្លែងថា “ ខ្ញុំសង្ឃឹមថាបងប្អូន (ទាំងអ្នកបានគូសយក និងអ្នកគូសចោល) ពេញចិត្តនឹងលទ្ធផលនេះ ក្នុងការប្រគល់អំណាចទៅគណបក្ស/បេក្ខជនជាប់ឆ្នោតឲ្យធ្វើជាតំណាងការពារសិទ្ធិប្រយោជន៍ខ្លួននិងដឹកនាំប្រទេស។ ខ្ញុំសូមជូនពរបងប្អូនទាំងអស់ឲ្យជួបតែសំណាងល្អ សូមថែរក្សាសុខភាព សុវត្ថិភាព បង្កើតសាមគ្គីភាពជាមួយមនុស្សជុំវិញខ្លួនដោយមិនប្រកាន់បក្សពួក និងយកចិត្តទុកដាក់នឹងបញ្ហាសង្គម ដោយតាមដានត្រួតពិនិត្យសកម្មភាពអ្នកតំណាងរបស់ខ្លួនក្នុងការអនុវត្តតួនាទីដឹកនាំប្រទេស”។

ជាមួយគ្នានេះ លោក ក៏សូមអរគុណជាអនេកដល់ ក្រុមគ្រួសារ មិត្តភក្តិ បងប្អូន សមាជិក និងអ្នកគាំទ្រ គបម ទាំងអស់ចំពោះការគាំទ្រនិងលើកទឹកចិត្តកន្លងមក។ សកម្មភាពយើងកន្លងមិនមែនឥតន័យទេ វាបានបង្កើតជាគម្រូដល់ការធ្វើនយោបាយបែបប្រជាធិបតេយ្យ ការប្រកួតតាមគោលនយោបាយ បែបសុច្ចរិត និងអហិង្សា។

បន្ថែមពីនេះ លោក បានប្រកាស ផ្ទេរការតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យជូនអ្នកជំនាន់ក្រោយដើម្បីបន្តវេនហើយ។ វាសនានៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាគឺអាស្រ័យលើប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាជាពិសេសប្អូនៗក្មួយៗជំនាន់ក្រោយ៕