សម្តេច ហ៊ុន សែន៖ ការមិនទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ការមិនទទួលបានសម្លេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita Limjaroenrat ប្រធានគណបក្ស Move Forward (MFP)គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងភ្លាមៗ បន្ទាប់ពី លោក Pita ទទួលបានត្រឹមតែ 324 សម្លេងនៅក្នុងសម័យប្រជុំរួមគ្នានៃព្រឹទ្ធសភា និងសភា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ខណៈលោក Pita ត្រូវការ 375 សម្លេង ដើម្បីឈ្នះធ្វើជានាយករដ្ឋមន្ត្រីបាន ។

ទោះជាយ៉ាងណា សម្តេច ហ៊ុន សែន ថា ការប្រកាសរបស់សម្តេចនេះមិនមែនបង្ហាញថាសម្តេចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ សម្តេច គ្រាន់តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិ តែងតែរំពឹងទុកថានៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើប្រាស់ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹងរាជរដ្ឋាភិបាលកម្ពុជា ឥឡូវនេះក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះបានរលាយដូចអំបិលត្រូវទឹកហើយ។

សម្តេច ផ្តាំទៅក្រុមប្រឆាំងទៀតថា សូមកុំធ្វើនយោបាយផ្អែកលើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់សម្តេច សម្រាប់ក្រុមជ្រុលនិយម។

ជាមួយគ្នានោះដែរ សម្តេច ហ៊ុន សែន ក៏បញ្ចេញសារសម្លេងនេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមួយរូប ពាក់ព័ន្ទនឹងតម្រូវ ឱ្យមានការផ្តិតមេដៃទទួលស្គាល់ ពិតជាយល់ខុសធ្ងន់ធ្ងរណាស់ និងជារបៀប ប្រឆាំងផ្កាប់មុខ។ សម្តេចបញ្ជាក់ថា “យើងប្រាប់ទៅអស់លោកថាច្បាប់មិនតម្រូវឲ្យអស់លោកផ្តិតមេដៃទទួលស្គាល់នោះទេតែបើអស់លោកប្រឆាំងជាមួយច្បាប់គុកជាអ្នកទទួលស្វាគមន៍អស់លោកគ្រប់ពេល”។

សម្តេចបន្ថែមថា “បើអស់លោកមិនជឿសូមសាកល្បងមើល។យោងតាមសារសម្លេងនេះអស់លោក កំពុងព្យាយាមបង្កើតរដ្ឋក្នុងរដ្ឋគឺជារឿងគ្រោះថ្នាក់សម្រាប់អស់លោកផងនិង គណបក្សភ្លើងទៀងផងប្រសិនវាជាគំនិត របស់ថ្នាក់ដឹកនាំបក្ស។ អស់លោកមិនបាច់សួរថាសម្លេងនេះខ្ញុំបានពីណានោះទេហើយខ្ញុំក៍មិនលួចស្តាប់ អស់លោកដែរតែមេដឹកនាំរាប់សឹបនាក់ ខំបញ្ជូនមកឲ្យខ្ញុំ”៕