សម្តេច ហ៊ុន សែន ៖ ករណី ស សាឡុងដេត អាចនឹងឈានដល់ការលើកលែងការចោទប្រកាន់

ភ្នំពេញ ៖ ដោយសារដឹងពីកំហុសឆ្គងរបស់ខ្លួនក្នុងការសុំទោសជាសាធារណៈ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹងនិងតុលាការ ដើម្បីឈានទៅដល់ការលើកលែងការចោទប្រកាន់ដល់លោក ស សាឡុងដេត។

តាមបណ្តាញតេឡេក្រាមចេញមុននេះបន្តិចរបស់សម្តេច បានឲ្យដឹងថា “ដោយដឹងនូវកំហុសលោក ស សាឡុងដេត បានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាម៉ីខ្លួនបានដឹងកំហុសនិងបានសុំទោសជាសាធារណៈ ខ្ញុំស្នើសុំដល់ក្រសួងយុត្តិធម៌ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះ តាមវិធីដែលអាចធ្វើទៅបានដូចជាការដកពាក្យបណ្តឹងឬលើកលែងការចោទប្រកាន់ “។

នៅព្រឹកថ្ងៃ១៣ មិថុនា សម្តេចបានបញ្ជាឲ្យ ស សាឡុងដេត ត្រឡប់មកផ្ទះនៅខណ្ឌសែនសុខវិញមក ក្រោយបានរត់គេចខ្លួនប្រុងចូលប្រទេសថៃ កាលពីយប់ថ្ងៃ១២ មិថុនា ដោយសារពាក្យសំដីខ្លួននិយាយ ប៉ះពាល់ដល់ព្រឹត្តិការណ៍ស៊ីហ្គេម ។

លោក ស សាឡុងដេត ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣(គ.ជ.ប.អ) ដាក់ពាក្យប្តឹងដោយសារបុគ្គលនេះ បានចោទប្រកាន់ថា មានតែមនុស្សប៉ុន្មាននាក់ប៉ុណ្ណោះបានចូលរួមទស្សនាស៊ីហ្គេម និងថាគ្មានបានបង្ហាញពីវប្បធម៌ខ្មែរ។

សូមបញ្ជាក់ថា ស ឡុងដេត ជាមន្រ្តីគណបក្សភ្លើងទៀន មានទីលំនៅខណ្ឌសែនសុខ បាននិយាយ ជាសាធារណៈក្នុងកិច្ចប្រជុំរបស់ក្រុមគេនៅខណ្ឌឬស្ស៊ីកែវថា “ស៊ីហ្គេម រៀបចំដោយ គ.ជ.ប.អ ទាំង មូលមិនដែលបានបង្ហាញពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ជាតិខ្មែរទេ និងមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានទៅមើល និងអ្វីៗជារឿងក្លែងក្លាយទាំងអស់”៕

IMG_6073