កណ្តាល៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឯកអគ្គរាជទូតខ្មែរប្រចាំ ប្រទេសបារាំងឲ្យជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំង បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំងរហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។
នៅក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមិថុនានេះ សម្តេច ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ដែលបានបោកប្រាស់អាជ្ញាធរបារាំង។
សម្តេច បញ្ជាក់បន្ថែមថា សមាជិកក្រុមប្រឆាំងណាដែលចាកចេញ ពីទណ្ឌិតក្បត់ជាតិ៣ជំនាន់ ទាំងនៅកម្ពុជា និងក្រៅប្រទេស ហើយមករួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា សម្ដេចនឹងលើកលែងទោសឱ្យ។ លើកលែងតែជនក្បត់ជាតិបីជំនាន់ម្នាក់គត់តែប៉ុណ្ណោះ ដែលសម្ដេចមិនលើកលែងទោសឲ្យជាដាច់ខាត៕