សម្តេច ហ៊ុន សែន ៖ អ្នកវិភាគ ឬអ្នកប្រឆាំងដែលជុន ច័ន្ទបុត្រ ហៅទៅសំភាសន៍សុទ្ធតែមករស់នៅជាមួយសម្ដេច

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទម្លាយអាថ៌កំបាំងថា មនុស្សជាច្រើនជាអ្នកវិភាគក្តីឬអ្នកប្រឆាំងក្តីដែលជាវាគ្មិនរបស់លោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរីហៅមកសំភាសន៍ជាហូរហែរសុទ្ធតែបានមករស់នៅជាមួយសម្តេច ដោយនៅសល់តែប៉ុន្មានទៀតប៉ុណ្ណោះ។

ក្នុងជំនួបជាមួយកម្មករនិយោជិត នៅរោងចក្រ Wing Star Shoe ក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចប្រាប់ទៅមនុស្សនៅក្រៅប្រទេសដែលសម្តេចហៅ ជាក្រុមល្ងង់មួយចំនួន ជាពិសេសក្រុមប្រព័ន្ធផ្សព្វផ្សាយគាំទ្របរទេសថា គណបក្សប្រជាជនមិនមែនគិតត្រឹមតែរឿងបោះឆ្នោតមួយប៉ុណ្ណោះទេ ប៉ុន្ដែគឺបានគិតអំពីការរក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាទាំងមូល មិនមែនគិតតែរឿងមួយជ្រុងនោះ។

ដោយសម្តេចបញ្ឆិតបញ្ឆៀងទៅលោក ជុន ច័ន្ទបុត្រថា«បានក្បាលមេក្រូ ហៅគេសំភាសន៍ បើគេនិយាយទៅលិច ទាញគេទៅម៉ង យូរៗមើលវាម្ដង (ជុន ច័ន្ទបុត្រ) អាហ្នឹងវាយ៉ាងម៉េច?។ ប៉ុន្ដែអ្នកឯងត្រូវយល់ វាគ្មិនរបស់ឯង គឺនៅជាមួយខ្ញុំ ច្រើនហើយ នៅសល់វាគ្មិនប៉ុន្មាន»។

សម្តេច នាយករដ្ឋមន្ដ្រី ក៏នៅតែបន្តរំលឹកអំពីគុណតម្លៃនៃសុខសន្តិភាព ខណៈការវិនិយោគពីបរទេសនៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺកើតចេញពីប្រទេសដែលកំពុងមានសុខសន្តិភាពនេះឯង។

សម្តេច បញ្ជាក់ថា រហូតមកដល់ពេលនេះ គ្មានគណបក្សណាមួយមានលទ្ធភាពដឹកនាំប្រទេសឲ្យមានសុខសន្តិភាព ដូចគណបក្សប្រជាជនកម្ពុជានោះទេ។ គណបក្សប្រជាជនកម្ពុជាមិនត្រឹមអាចរកសន្តិភាពប៉ុណ្ណោះនោះទេ ថែមទាំងធានាការពារសន្តិភាពជូនប្រជាជន និងប្រទេសជាតិបានថែមទៀត។

សម្តេច ហ៊ុន សែន បានបន្តអំពាវនាវដល់កម្មករនិយោជិត បន្តចូលរួម រួមគ្នារក្សាសន្តិភាព ពីព្រោះបើគ្មានសន្ដិភាព គឺគ្មានរោងចក្រ គ្មានឱកាសការងារ និងការអភិវឌ្ឍនោះឡើយ៕