ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសស្វាគមន៍ចំពោះជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដោយប្រើ BM21 ក្រោយជនក្បត់ជាតិនេះ មានគម្រោងធ្វើដំណើរវិលជុំវិញប្រទេសកម្ពុជា ហើយចូលមកទឹកដីកម្ពុជា ។
តាមរយៈហ្វេសប៊ុករបស់លោក សម រង្ស៊ី បានថ្លែងនៅព្រលានយន្តហោះអូស្ត្រាលីថា លោកបានបញ្ចប់ទស្សនកិច្ចរយៈពេល១០ថ្ងៃនៅប្រទេសអូស្ត្រាលី ហើយបន្តដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសក្នុងតំបន់អាស៊ាន។ លោក សម រង្ស៊ី ថា លោកនឹងធ្វើដំណើរវិលជុំវិញប្រទេសកម្ពុជា និងត្រៀមលក្ខណៈចូលកម្ពុជានៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែបើតាមសម្តេចអះអាងថា លោក សម រង្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យជាន់ទឹកដីម៉ាឡេស៊ីនោះទេ ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាថ្ងៃ៣១ ឧសភា សម្ដេចលើកឡើងថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសន្យានៅចំពោះមុខសម្តេច៤ដង គឺមិនឲ្យលោក សម រង្ស៉ី ជាន់លើទឹកដីរបស់ខ្លួននោះឡើយ។
សម្ដេច គូសបញ្ជាក់ថា «គ្រាន់តែឃើញថៃគេបោះឆ្នោត មានបក្សមួយនោះឈ្នះ គេថា (សម រង្ស៊ី) ជិតបានមកស្រុកខ្មែរ… ចាំទៅអាពៅ។ គេស្គាល់នយោបាយថៃ ហើយថៃសុខៗគេស្មានឲ្យអ្នកឯងធ្វើចឹង ហើយខ្មែរយ៉ាងម៉េចដែរ? គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ហើយអាន់វ៉ា អ៊ីប្រាហ៊ីម និយាយមួយខ្ញុំច្បាស់មិនឲ្យមកទេ»។
សម្ដេច ក៏បានឆ្លើយតបជាមួយនឹងអ្នកវិភាគលោក សេង សារី ដែលបាននិយាយថា លោកសម រង្ស៊ី អាចចូលមកកាន់កម្ពុជាវិញតាមរយៈព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីប្រទេសនេះ បានរកឃើញមេដឹកនាំថ្មី។
សម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ទៀតថា «គេអួតថា (សម រង្ស៊ី) អួតមិនត្រឹមទឹកដីម៉ាឡេទេ អួតមកជាន់ទឹកដីថៃទៀត ។ ចាំមើលៗ អួតដល់ណាទៀត ហើយបណ្ឌិត សេង សារី គេថាសល់តែមួយទេ គឺឆ្លងកាត់ដីថៃ ចូលមកកម្ពុជា អាហ្នឹងត្រូវ BM21តើ។ បណ្ឌិត សេង សារី ជូនដំណើរអាក្បត់ជាតិ ៣ជំនាន់ ម៉ងទៅ»៕