ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ប្រកាសបដិសេធទាំងស្រុង ចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានប្រកាសបដិសេធទាំងស្រុង ចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសមួយចំនួន ដែលបង្ករឱ្យមានការយល់ច្រឡំ ធ្វើ ឡើងក្រោមហេតុផលនយោបាយ និងជ្រើសរើសតែមួយជ្រុង ពាក់ព័ន្ធនឹងបរិយាកាសបោះឆ្នោតនៅ មុនការបោះឆ្នោតសកល ខែកក្កដា នៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣បំភ្លឺថា ការចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ”បានសង្កត់ធ្ងន់ លើទម្រង់បែបបទដែលហាក់ដូចជាមានការរើសអើងចំពោះគណបក្សនយោបាយសំខាន់ មួយ ឬច្រើនក្នុងប្រទេសកម្ពុជា” ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម គឺជាការចោទប្រកាន់ មិនសមហេតុផលនោះឡើយ។

ប្រភពដដែលនេះបន្តថា ដើម្បីរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប បាននិងកំពុងប្រើប្រាស់ស្ដង់ដារតែមួយសម្រាប់គ្រប់គណ បក្សទាំងអស់។ ការអនុវត្តផ្សេងពីនេះត្រូវបានចាត់ទុកថាជាការអនុវត្តស្តង់ដារពីរ។ គណ បក្សភ្លើងទៀនមិនមែនជាគណបក្សតែមួយទេ ដែលបានខកខានក្នុងការចុះបញ្ជី ដោយសារ កំហុសរបស់ខ្លួន។ គណបក្សមហាសាមគ្គីជាតិខ្មែរ គឺជាគណបក្សនយោបាយមួយទៀត ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារដូចគ្នា ប៉ុន្តែគណបក្សនេះបានប្រកាសទទួល យកដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បញ្ជាក់ថា ការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅតែឥត ងាករេ។ ល្គឹកណាគ្រប់គណបក្សនយោបាយទាំងអស់ និងអ្នកគាំទ្ររបស់ពួកគេអនុវត្តសិទ្ធិ របស់ខ្លួនក្នុងរង្វង់ព្រំដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះ ឆ្នោតអាចធានាបាន។ អវត្តមាននៃគណបក្សនយោបាយពីរ ពីដំណើរការបោះឆ្នោត ដោយ សារតែការមិនគោរពច្បាប់មិនធ្វើឱ្យប៉ះពាល់ដល់សេរីនិយម ពហុនិយម លទ្ធិប្រជាតេយ្យរបស់កម្ពុជាឡើយ។

ដោយឡែក ការអំពាវនាវឱ្យដោះលែងលោក កឹម សុខា និងបុគ្គលល្មើសច្បាប់ដទៃទៀត ជាបន្ទាន់ គឺជា សកម្មភាពមិនត្រឹមត្រូវទាល់តែសោះ។ បទល្មើសគឺជាបទល្មើស ហើយវាមិនអាចត្រូវបាន ប្រើជាទឡីករណ៍សម្រាប់គោលបំណងណាមួយឡើយ។ មិនមែនសិទ្ធិទាំងអស់មានលក្ខណៈ ដាច់ខាតឡើយ។ គ្រប់ការចោទប្រកាន់ត្រូវបានធ្វើឡើងដោយឆ្លើយតបទៅនឹងការបំពានរដ្ឋ ធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ មិនមែនជាហេតុផលនយោបាយ ឬចេតនាប្រឌិតនោះឡើយ។ ចុងចោទមានសិទ្ធិពេញលេញក្នុងការទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ និងមានសិទ្ធិ ការពារខ្លួនពីការចោទប្រកាន់តាមផ្លូវច្បាប់។

ចំពោះ ការអំពាវនាវរបស់អ្នករាយការណ៍ពិសេសឱ្យផ្តល់អាជ្ញាប័ណ្ណឡើងវិញទៅឱ្យវិទ្យុសំឡេង ប្រជាធិបតេយ្យ គឺស្មើនឹងការគាំទ្រដល់ពួកគេចំពោះការផ្សាយព័ត៌មានមិនពិត និងសារ ព័ត៌មានគ្មានវិជ្ជាជីវៈនៅប្រទេសកម្ពុជា។ ការចូលរួមដោយបើកចំហរបស់ប្រព័ន្ធផ្សព្វផ្សាយ នេះ ក្នុងការចែកចាយព័ត៌មានក្លែងក្លាយ និងការប្រព្រឹត្តិខុសវិជ្ជាជីវៈដ៏ធ្ងន់ធ្ងរ គឺជាកំហុស ខុសឆ្គងដែលមិនអាចប្រកែកបានឡើយ។ អាណត្តិរបស់អ្នករាយការណ៍ពិសេស គឺដើម្បី លើកកម្ពស់ និងការពារសិទ្ធិមនុស្ស មិនមែនដើម្បីជំរុញការប្រព្រឹត្តខុសរបស់មនុស្សនោះទេ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានសរសេរថា «វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេសត្រូវអនុវត្តមុខងាររបស់ខ្លួន ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌នៃនីតិវិធីពិសេស ដែលគូសបញ្ជាក់ពីសារសំខាន់ នៃការសំអាងទៅលើអង្គហេតុ ការសង្កេតច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងការជៀសវាងនូវការធ្វើនយោបាយូបនីកម្ម និងការជ្រើសរើសតែមួយជ្រុង»៕