ភ្នំពេញ ៖ ខណៈគណបក្សផ្សេងទៀត កំពុងមមាញឹកក្នុងការបំពេញបែបបទតាមលក្ខខណ្ឌច្បាប់ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងបក្ស៨បានទទួលស្គាល់ជាផ្លូវការ សម្រាប់ការបោះឆ្នោតឆ្នោតថ្នាក់ជាតិដែលនឹងចូលមកដល់ប្រមាណជា២ខែទៀតនោះ គណបក្សកែទម្រង់កម្ពុជាដែលមានលោក ប៉ុល ហំម ជាប្រធានមានប្រភពចេញពីអតីតគណបក្សសង្រ្គោះជាតិហាក់មិនរង្គោះរង្គើលជ្រួលជ្រើមតាមឡើយ ព្រោះបក្សបានប្រកាសថា មិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតទេ។
ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃ៤ ឧសភា ។ មូលហេតុដែលអះអាងថា មិនចូលរួមប្រកួតប្រជែងបោះឆ្នោតជាមួយបក្សកាន់អំណាច និងបក្សផ្សេងទៀតក្រោមហេតុផលថា “ស្ថានភាពមិនទាន់អនុគ្រោះឲ្យយើងអាចចូលរួមប្រកួតប្រជែងឲ្យបានពេញលេញនៅឡើយ”។
ម្យ៉ាងទៀតបក្សយល់ឃើញថា ការចូលប្រកួតប្រជែងរបស់បក្ស អាចប៉ះពាល់ដល់សន្លឹកឆ្នោតដែលគណបក្សប្រជាធិបតេយ្យផ្សេងទៀតត្រូវទទួលបាន។
ទោះបក្សមិនចូលរួមក៏ដោយ តែបក្សនេះ ក៏បានអំពាវនាវដល់សមាជិកនិងអ្នកគាំទ្រខ្លួនបោះឆ្នោតជូនគណបក្សណាមួយដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមានគោលនយោបាយប្រហាក់ប្រហែលនឹងគណបក្សកែទម្រង់កម្ពុជា ។
គណបក្សកែទម្រង់កម្ពុជាដែលមានប្រភពចេញពីអតីតគណបក្សប្រឆាំងសង្រ្គោះជាតិ បានអះអាងថា គណបក្សបង្កើតឡើង ដើម្បីចូលរួមដំណើរការប្រជាធិបតេយ្យ សម្រាប់រយៈពេលយូរទៅមុខ និងត្រួសត្រាយផ្លូវប្រជាធិបតេយ្យ សម្រាប់យុវនបន្តវេនជាបន្តបន្ទាប់ ។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណបក្សនយោបាយចំនួន៨ ខណៈបក្ស៣ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យពិចារណា៕