សម្តេច ហ៊ុន សែន ប្រកាសលើកលែងទោស ឱ្យ លោក អេង ឆៃអ៊ាង និងផ្តល់តួនាទីក្នុងជួររាជរដ្ឋាភិបាល

ភ្នំពេញ ៖ ក្រោយពីមានក្រុមប្រឆាំងមួយចំនួនបានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលបានការតែងតាំងជាមន្ត្រីរាជការជាបន្តបន្ទាប់ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ក៏បានបង្ហើបប្រាប់ទៅ លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសគ្រោះជាតិ ឱ្យវិលចូលស្រុកវិញ សម្តេច នឹងលែងលែងទោសឱ្យ រួមទាំងផ្តល់តួនាទីក្នុងជួររាជរដ្ឋាភិបាល ថែមទៀត

ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់នៃវិទ្យាស្ថានជាតិអប់រំ (NIE)នៅ ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ សម្តេច ហ៊ុន សែន បានចាត់ទុកលោក អេង ឆៃអ៊ាង ជា អ្នកញៀនល្បែង និងពូកែឌឺដងជុំវិញការតែងតាំងមន្ត្រីអតីតក្រុមប្រឆាំងនៅក្នុងជួររាជរដ្ឋាភិបាល ជាបន្តបន្ទាប់ នៅក្រោយពេលដែលពួកគេចូលរួមរស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។

ត្រង់ចំណុចនេះ សម្តេច ក៏បានថ្លែងឌឹដងទៅវិញថា ឱ្យលោក អេង ឆៃអ៊ាង វិលចូលស្រុកវិញ និងផ្តល់តួនាទីក្នុងជួររាជដ្ឋាភិបាល ។សម្តេចថ្លែងថា« នេះជាសារសម្រាប់អាមេល្បែងដែលជាអ្នកញៀនល្បែងទាំងអស់នៅក្នុងស្រុកខ្មែរ ហើយទៅអាមេរិកក៏លេងល្បែងទៀត អីញ្ចឹងអ្នកដែលចូលលុយជាមួយក្រុមនឹង គឺស្នើចូលឲ្យអ្នកលេងកាស៊ីណូហ្នឹងហើយ »។

សម្តេចបន្តថា «នៅក្រៅប្រទេសដើរកៀរគររកលុយ ដើម្បីជួយអ្នកនៅក្នុង ស្រុកតែដល់បានលុយហើយយកទៅលេងកាស៊ីណូអស់ ដូច្នេះអ្នកនៅក្នុងស្រុកគ្មានលុយ ។ ដូច្នេះមានតែរុញទៅបែបហ្នឹង។ បើនិយាយស្រួលស្តាប់គ្នាមិនបានទេ មានតែវិធីរុញទូកបណ្តោយទឹកឲ្យឆាប់រលាយតែម្តងទៅ ប៉ុន្តែរលាយមិនរលាយជារឿងរបស់គេ»។

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ បានឌឹដងនៅលើទំព័រហ្វេសបុករបស់ខ្លួនកាលពីពេលថ្មីៗនេះ ថា បើចង់បានធ្វើអ្នកធំទាល់តែទៅចូលគណបក្សប្រជាជនកម្ពុជា និងចូលទៅគណបក្សប្រឆាំងសិន រួចហើយត្រឡប់មកវិញបានធ្វើធំហើយចាំទៅអាពៅ ប៉ុន្តែបើអាពៅមកអញលើកលែងទោសឲ្យហើយតែងតាំងធ្វើអ្វីមួយនៅក្នុងរដ្ឋាភិបាល» ៕