សម្ដេច ហ៊ុន សែន ព្រមានដកការងារ ឪពុក-ម្តាយ និងបងប្អូន របស់ ស៊ន តារា

ភ្នំពេញ ៖ ម្តងនេះសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាដូចជាលេងមែនទែនហើយ ដោយបានផ្ញើសារព្រមានដក ឪពុក-ម្តាយ និងបងប្អូនរបស់លោក ស៊ន តារា ចេញពីការងារទាំងអស់ បើសិនមិនប្រដៅកូនរបស់ខ្លួន ។ ដោយសម្តេចហៅបុគ្គលនេះថា ជាក្មេងពាលនិងឈ្លើយហួស។

ការហៅបុគ្គល ស៊ន តារា ជាក្មេងពាល និងឈ្លើយនេះដោយសារ ស៊ន តារា ម្តងហើយម្តងទៀតបានឡាយតាមវិដេអូពីក្រៅប្រទេសមករិះគន់រាជរដ្ឋាភិបាល ជាពិសេសលើសម្តេចតែម្តងដោយគ្មានសន្សំចៃមាត់ ហើយអ្វីដែលធ្វើឲ្យសម្តេចហាក់ខឹងសម្បារនោះគឺ ស៊ន តារា ថា នឹងមកចរចាជាមួយនាយករដ្ឋមន្រ្តីប្រសិនបើចង់ឲ្យខ្លួន(ស៊ន តារា)មកចូលរួមជាមួយបក្សប្រជាជន។ ប៉ុន្តែសម្តេចបានវាយបកត្រឡប់ទៅវិញតាមរយៈពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះថា សម្តេចក៏មើលមនុស្សដែរមុននឹងឲ្យមករួមរស់ជាមួយបក្សកាន់អំណាច មិនមែនចេះតែយកមកទេ។

សម្ដេច ហ៊ុន​ សែន បានរំលឹកថា កាលពីកម្ពុជាផ្អាកពិធីបុណ្យអុំទូក ដោយសារជាប់ប្រជុំអាស៊ាន ក្មេងពាល ស៊ន តារា ថា «គ្មានថវិកាសម្រាប់រៀបចំពិធីបុណ្យអុំទូក»។ សម្ដេចបន្ដថា ឥឡូវនេះរាជរដ្ឋាភិបាល មិនយកថវិកាសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ក្មេងពាល ស៊ន តារា ថា «មិនយកលុយពីស៊ីហ្គេម មកជួយអ្នកក្រ»។

សម្ដេចថា ការយកលុយពីគណៈប្រតិភូកីឡាស៊ីហ្គេម មិនធ្វើឲ្យកម្ពុជាមាននោះទេ។ តែការមិនយកនឹងធ្វើឲ្យមនុស្សចូលមកកម្ពុជាកាន់តែច្រើន ហើយប្រទេសដទៃពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម អាចនឹងមិនយកពីកម្ពុជាផងដែរ។

សម្ដេចសង្ឃឹមថា ឪពុក-ម្ដាយ ស៊ន តារា នឹងខិតខំណែនាំកូនរបស់ខ្លួន។ សម្ដេចថា «កុំពតស្រឡៅ កុំប្រដៅក្មេងពាល» ។ សម្ដេច បានឲ្យដឹងថា នៅពេលណាមួយ សម្ដេច នឹងហៅ ឪពុក និងបងប្អូនរបស់ ស៊ន តារា មកប្រដៅម្ដងទៀត។

សម្ដេចគូសបញ្ជាក់ថា «សូមប្រាប់ឲ្យហើយ ឪ ម៉ែ ហ្អែងនៅស្រុកខ្មែរ បងប្អូនហ្អែងនៅស្រុកខ្មែរ បើហ្អែងចង់សាកមើល។ ឪ ម៉ែ មិនប្រដៅទេ ថ្ងៃក្រោយដក ឪ ម៉ែ បងប្អូនហ្អែង ចេញពីការងារទាំងអស់ កុំហ្អែងឈ្លើយពេក វាឈ្លើយហួស អាមួយហ្នឹង។ ទៅដើរតួនាទី ដាក់លក្ខខណ្ឌទាល់តែធ្វើជាបេក្ខជននាយករដ្ឋមន្ដ្រី ចង់ចរចាជាមួយអាញ (សម្ដេច)»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា កម្រិតចរចាជាមួយសម្ដេចបាន ទាល់តែប្រមុខរដ្ឋាភិបាលប្រទេសនានា។ បើមានអ្នកសុំសួរសុខទុក្ខ គឺបាន។ ប៉ុន្ដែមកចរចាកុំនិយាយឲ្យសោះ។ សូម្បីគណបក្សនយោបាយនានាក្នុងស្រុកខ្មែរ ក៏គ្មានសិទ្ធិមកចរចាឡើយ បើសិនសុំសម្ដែងការគួរសម គឺសម្ដេច ផ្ដល់ឱកាសឲ្យ ៕