ភ្នំពេញ៖ លោកបណ្ឌិត សាម អ៊ីន អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិតេយ្យមូលដ្ឋាន (GDP ) ថ្លែងអំណរគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គព្រះរាជទានតែងតាំងលោកជា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។
ការតែងតាំងជារដ្ឋលេខាធិការក្រសួងបរិស្ថាននេះ ធ្វើឡើង ក្រោយពី លោកបណ្ឌិត សាម អ៊ីន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជកម្ពុជា និងតាមការស្នើពីសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបណ្ឌិត សាម អ៊ីនបានថ្លែងថា «ទូលបង្គំសូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គព្រះរាជទានតែងតាំងខ្ញុំករុណាជា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្រោយបានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តថា «ទូលបង្គំសូមបួងសួង សូមព្រះអង្គមានព្រះសុខភាពល្អបរិបូរ និងអាយុយឺនយូរ ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស»៕