ភ្នំពេញ ៖ ដោយភ្ជាប់លក្ខខណ្ឌទៅបុគ្គលមួយចំនួនដែលចង់ឃើញវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា(RFA)នៅស្រុកខ្មែរឡើងវិញ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា ត្រូវដកអ្នកព័ត៌មាន ឬអ្នកអធិប្បាយរបស់វិទ្យុនេះចេញទាំងអស់។ ដោយសម្តេចចោទជាសំណួរថា ហ៊ានឬមិនហ៊ាន?។
ការលើកឡើងដោយភ្ជាប់លក្ខខណ្ឌចង់ឲ្យមានវត្តមានវិទ្យុផ្សាយជាខេមរភាសានេះ រស់ឡើងវិញលើទឹកដីកម្ពុជារបស់សម្តេច ហ៊ុន សែន ក្រោយវិទ្យុបានបាត់ចេញពីស្រុកខ្មែរអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារមានអ្នកស្នើឲ្យវិទ្យុនេះបើកទីស្នាក់ការឡើងវិញនៅកម្ពុជា ។ វិទ្យុនេះ បច្ចុប្បន្នបានផ្សាយជាភាសាខ្មែរចេញមកពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតមួយក្រុមរបស់វិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃ២២ មីនានេះ សម្តេចបានលើកឡើងថា “បើចង់ឲ្យអាស៊ីសេរីមានវត្តមាននៅស្រុកខ្មែរត្រូវដកអ្នកនិយាយ(ក្រុមពិធីករព័ត៌មាន) នៅក្នុងវិទ្យុអាស៊ីសេរីចេញទាំងអស់ តើអ្នកឯងហ៊ានទេ? បើអ្នកឯងហ៊ានខ្ញុំឲ្យ បើអ្នកឯងមិនហ៊ាន ខ្ញុំមិនឲ្យនោះទេ ព្រោះអ្នកឯងខូចពេក អាមនុស្សអ្នកនិយាយវាខូចពេក និយាយគ្នាឲ្យច្បាស់ មិនចាំបាច់មានវត្តមានរបស់ពួកអ្នកឯងទេ” ។
ការលើកឡើងរបស់សម្តេចនេះ ក៏ដោយសារមានអ្នកបញ្ចេញមតិ(ក្រុមអ្នកវិភាគ)នៅក្នុងវិទ្យុនេះដែលសម្តេចហៅថា ជាក្រុមបណ្ឌិតល្ងង់ទូតែងតែវាយប្រហារមកលើរាជរដ្ឋាភិបាលដោយគ្មានការបែងចែកស-ខ្មៅអ្វីទេ ជាពិសេសលើការឆេះវាំងនៅខេត្តសៀមរាបនាពេលថ្មីៗនេះ ៕