លោក ជិន ម៉ាលីន ផ្តល់យោបល់ដល់សហមេធាវី លោក កឹម សុខា បើចង់ចូលជួបលោក កឹម សុខា

ភ្នំពេញ៖ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មេធាវី លោក កឹម សុខា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាន ផ្តល់ជាយោបល់ផ្នែកច្បាប់មួយចំនួនថា បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញាមិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី។

លោកបន្តថា សូម្បីតែចូលជួបកូនក្តីខ្លួនក្នុងពន្ធធនាគារ ក៏ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។ ដូច្នេះ ប្រសិនបើមានចេតនាជួបជាមួយកូនក្តីពិតប្រាកដមែន គ្រាន់តែស្នើសុំបន្តិចទៅ ដូចជាមិនអីទេ លើកលែងតែមានចេតនាផ្សេងពីនេះ។

សហមេធាវីការពារក្តីរបស់លោក កឹម សុខា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ បានទៅផ្ទះលោក កឹម សុខា ដើម្បីជួបកូនក្តីរបស់ខ្លួននៅគេហដ្ឋានដែលដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ឃុំ ខ្លួនក្នុងផ្ទះ) ដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌ លេខ១៨២ «ម» ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ។

តាមសេចក្តីថ្លែងការណស្តីពីការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់លោក កឹម សុខា ដែលចេញដោយសហមេធាវីការពារក្តីរបស់លោក កឹម សុខា បញ្ជាក់ថា ប៉ុន្តែត្រូវបានកងកម្លាំង ស្លៀកពាក់ស៊ីវិល ដែលយាមនៅមុខផ្ទះគាត់ បានរារាំង និង មិនអនុញ្ញាតឱ្យសហមេធាវី ជួបពិគ្រោះយោបល់ច្បាប់ ជាមួយកូនក្តីរបស់យើងខ្ញុំឡើយ ដោយណែនាំឱ្យសហមេធាវីត្រូវសុំការអនុញ្ញាតិពីព្រះរាជអាជ្ញាជាមុនសិន។

សេចក្តីថ្លែងការណ៍នេះបន្តថា សហមេធាវីមិនអាចអនុវត្តតាមការណែនាំ ដែលផ្ទុយនឹងច្បាប់ ក្រម និង វិធានជាធរមាន ដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះឡើយ។ ដូច្នេះ ចាប់ពីពេលនេះតទៅ សហមេធាវីមិនអាចអនុវត្តសិទ្ធិ បំពេញកាតព្វកិច្ច និង ទំនួលខុសត្រូវចំពោះ ឯកឧត្តម កឹម សុខា និង រឿងក្តីបច្ចុប្បន្នរបស់គាត់តទៅទៀតបានឡើយ ហើយ សិទ្ធិទទួលបានជំនួយមេធាវីដែលមានចែងក្នុងច្បាប់ ដែលឯកឧត្តម កឹម សុខា ត្រូវទទួលបានក៏ ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរលែងតែមានការកែប្រែជាវិជ្ជមាន និង ទាន់ពេលវេលា៕