សហមេធាវីរបស់លោក កឹម សុខា មិនត្រូវបានអនុញ្ញាតឱ្យចូលជួប លោក កឹម សុខា

ភ្នំពេញ៖ សហមេធាវី របស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានអជ្ញាធរមានសមត្ថកិច្ច អនុញ្ញាតឱ្យចូលជួបលោក កឹម សុខា ដែលត្រូវបានដាក់ឃុំខ្លួននៅក្នងគេហដ្ឋានឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ឃុំ ខ្លួនក្នុងផ្ទះ) ដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌនោះទេ ។

តាមសេចក្តីថ្លែងការណ៍របស់សហមេធាវីរបស់លោក កឹម សុខា ស្តីពី ការរំលោភសិទ្ធិទទួលបានជំនួយមេធាវីរបស់ លោកកឹម សុខា ចេញផ្សាយកាលពីយប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២៣ បញ្ជាក់ថា សមត្ថកិ្ចចដែលកំពុងយាមកាមនៅទីនោះដណែនាំឱ្យសហមេធាវីរបស់លោក កឹម សុខា ត្រូវសុំ ការអនុញ្ញាតិពីព្រះរាជអាជ្ញាជាមុនសិន មុននឹងចូលជួបលោក កឹម សុខា ។

សេចក្តីថ្លែងការណ៍នេះ បានសរសេរថា «នារសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣ សហមេធាវីការពារក្តីបានទៅផ្ទះលោក កឹម សុខា ដើម្បីជួបកូនក្តី នៅគេហដ្ឋានដែលដាក់គាត់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ (ឃុំ ខ្លួនក្នុងផ្ទះ) ដើម្បីពិគ្រោះយោបល់ច្បាប់ និងរៀបចំពាក្យបណ្ដឹងឧទ្ធរណ៍លើសាលក្រមព្រហ្មទណ្ឌ លេខ១៨២ «ម» ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានកងកម្លាំង ស្លៀកពាក់ស៊ីវិល ដែលយាមនៅមុខផ្ទះគាត់ បានរារាំង និង មិនអនុញ្ញាតឱ្យសហមេធាវី ជួបពិគ្រោះយោបល់ច្បាប់ ជាមួយកូនក្តីរបស់យើងខ្ញុំឡើយ ដោយណែនាំឱ្យសហមេធាវីត្រូវសុំ ការអនុញ្ញាតិពីព្រះរាជអាជ្ញាជាមុនសិន»។

សេចក្តីថ្លែងការណ៍នេះបន្តថា «សហមេធាវីមិនអាចអនុវត្តតាមការណែនាំ ដែលផ្ទុយនឹងច្បាប់ ក្រម និង វិធានជាធរមាន ដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះឡើយ។ ដូច្នេះ ចាប់ពីពេលនេះតទៅ សហមេធាវីមិនអាចអនុវត្តសិទ្ធិ បំពេញកាតព្វកិច្ច និង ទំនួល ខុសត្រូវចំពោះ លោក កឹម សុខា និង រឿងក្តីបច្ចុប្បន្នរបស់គាត់តទៅទៀតបានឡើយ ហើយ សិទ្ធិទទួលបានជំនួយមេធាវីដែលមានចែងក្នុងច្បាប់ ដែលលោក កឹម សុខា ត្រូវទទួលបានក៏ ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរលែងតែមានការកែប្រែជាវិជ្ជមាន និង ទាន់ពេលវេលា»៕