សម្តេច ទៀ បាញ់ ប្រកាសប្រឆាំងដាច់ខាតចំពោះ លោក សម រង្សី ដែលបានចុះខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ

ភ្នំពេញ៖ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសប្រឆាំងដាច់ខាតចំពោះ ទណ្ឌិត សម រង្ស៊ី ដែលធ្វើការផ្សព្វផ្សាយលើ គេហទំព័រហ្វេសប៊ុកឈ្មោះ Sam Rainsy ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារមានការញុះញង់បំបែកបំបាក់ជាតិ។

ការប្រកាសប្រឆាំង ទណ្ឌិត សម រង្ស៊ី ធ្វើឡើងនៅពេល បន្ទាប់ពី លោក សម រង្ស៊ី ផ្សព្វផ្សាយ និង អំពាវនាវ ដល់ពលរដ្ឋដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នា ជុំវិញសម្តេច ទៀ សីហា, លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។

សម្តេច បន្តថា សម្តេច និងក្រុមគ្រួសារ នៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត។

សម្តេចបន្តថា កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីបានគត់មត់ ប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាតចំពោះឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលបានប្រើប្រាស់ចលនាបដិវត្តន៍ពណ៌ និងការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងគោលបំណងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ការពារសង្គមជាតិមិនឱ្យធ្លាក់ក្នុងអស្ថិរភាព អសន្តិសុខ ការបែកបាក់ជាតិ និងសង្គ្រាមសារជាថ្មីទៀត ធ្វើឱ្យសង្គមជាតិបន្តដំណើរទៅមុខឥតឈប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ និងមានឆន្ទៈមោះមុតការពារដាច់ខាតរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

សម្តេចក៏បានអំពាវនាវដល់ជនរួមជាតិទាំងមូលទាំងនៅក្នុង និងក្រៅប្រទេសបន្តរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីថែរក្សាសន្តិភាព ការពាររាល់សមិទ្ធផលនៃសង្គមជាតិ និងបន្តកសាងមាតុភូមិឱ្យកាន់តែរីកចម្រើនថែមទៀត។

នាយទាហាន នាយទាហានរង និងពលទាហាន ក្នុង នាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវានៃក្រសួងការពារជាតិនៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ នេះ ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលផ្សព្វផ្សាយបំភ្លៃ និងញុះញង់លើ សម្តេច ទៀ បាញ់ និងក្រុមគ្រួសារ ។

នាយទាហាន នាយទាហានរង និងពលទាហាន ថ្លែងថា « យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រជានិច្ចនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា និង ប្រឆាំងដាច់ខាតនូវរាល់ការញុះញង់របស់ជនក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី »៕