ភ្នំពេញ៖ ជនណាដែលបង្កភាពវឹកវរ ឬចលាចលក្នុងថ្ងៃប្រកាសសាលក្រមលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិនៅថ្ងៃស្អែកនឹងប្រឈមមុខនឹងផ្លូវច្បាប់ជាធរមាន។ នេះ បើតាម លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៣ ។
លោកថ្លែងថា«សំណុំរឿងរបស់លោក កឹម សុខា នឹងប្រព្រឹត្តិទៅជាប្រក្រតី តាមនីតិវិធីច្បាប់ជាធរមាន ។បើជនណាមួយមានផែនការក្នុងការ ប្រឆាំងទៅនឹងវិធានការច្បាប់នេះ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន»។
លោក មុត ចន្ថា មនុស្សស្និតលោក កឹម សុខា ឱ្យដឹងថា លោក កឹម សុខា នឹងបង្ហាញខ្លួននៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ លោក មិនគាំទ្រ និងប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណាក៏ដោយ ដែលមានចេតនា ឬបំណងបង្កចលាចល ដើម្បីទម្លាក់កំហុស និងចោទប្រកាន់ដោយទុច្ចរិត តាមរបៀបស្វាស៊ីបាយលាបមាត់ពពែ។
លោកបន្តថា លោក កឹម សុខា តែងតែរក្សាជំហរស្ងប់ស្ងាត់ មិនបង្កជម្លោះ អហិង្សា និងគោរពច្បាប់យ៉ាងខ្ជាប់ខ្ជួន ក្នុងរយៈពេល ៥ឆ្នាំ និង ០៦ខែ មកនេះ ក្នុងការតតាំងក្តីក្នុងតុលាការ ដើម្បីស្វែងរកយុត្តិធម៌ចំពោះការចោទប្រកាន់ដោយអយុត្តធម៌។
លោកបន្ថែមថា កឹម សុខា តែងតែទូន្មានដល់អ្នកគាំទ្រ និងអ្នកមានសមានចិត្តជាមួយលោក ឱ្យស្ថិតនៅឱ្យឆ្ងាយពីក្រុមណាដែលបង្កជម្លោះ បង្កអអស្ថិរភាព និងអសន្តិភាពដល់សង្គម។ ដូច្នេះ ការណ៍ដែលចោទលាបពណ៌ថាមានអ្នកនេះ ឬអ្នកនោះបង្កចលាចលក្នុងថ្ងៃប្រកាសសាលក្រម គឺជាអំពើចោទលាបពណ៌ខ្មែរគ្នាឯងដោយចេតនាទុច្ចរិត៕
ដោយ៖ ពុទ្ធិពល