សម្តេច ស ខេង ឲ្យអភិបាលរងរាជធានី-ខេត្ត ទទួលបន្ទុកអ្នកនាំពាក្យ ត្រូវសកម្មថែមទៀតផ្តល់ព័ត៌មានទូលំទូលាយ

ភ្នំពេញ ៖ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យអភិបាលរងរាជធានី-ខេត្ត ដែលទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព ដើម្បីបង្កើនទំនាក់ទំនងល្អ ក្នុងការផ្តល់ព័ត៌មានទូលំទូលាយ។

ក្នុងឱកាសបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយ ស្ដីពី «យុទ្ធសាស្ដ្រនយោបាយព័ត៌មាន» នារសៀលថ្ងៃ១២ មករា សម្ដេច ស ខេង មានប្រសាសន៍ថា «សូមអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្តទទួល បន្ទុកកិច្ចការនាំពាក្យ ត្រូវមានភាពកាន់តែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និតជាមួយ និងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជា ការរៀបចំយុទ្ធសាស្ត្រព័ត៌មានឲ្យបានច្បាស់លាស់ ដើម្បីភាពជោគ ជ័យក្នុងការផ្តល់ព័ត៌មានឲ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការ យល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិត ស្និត ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងបរិយាបន្ន»។

សម្ដេចបន្ដថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្តក៏ត្រូវចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯក ភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀចំ យន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយតាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកា សាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក៏មានសង្ឃឹមថា អ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ ក៏ដូចជាអ្នកនាំពាក្យ និងមន្ត្រីព័ត៌មាននៅថ្នាក់ក្រោមជាតិ នឹងរួមគ្នាសម្រេចឲ្យបាន នូវបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងកិច្ចថែរក្សា ការពារផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ។

សម្ដេច បន្ថែមថា ក្នុងសម័យកាលសកលភាវូបនីយកម្ម គ្រប់ផលិតផល និងសេវាកម្មត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយទៅកាន់អតិថិជន យ៉ាងណាមិញ រាជរដ្ឋាភិបាល ក៏ត្រូវការព័ត៌មាន ដើម្បីផ្សព្វផ្សាយ និងជាស្ពានទំនាក់ទំនងទៅកាន់ប្រជាពលរដ្ឋ៕ ដោយ៖ រិន ចំរើន