កម្ពុជា-តួកគី ឯកភាពជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ លើផលិតផលកសិកម្ម

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់តួកគី បានឯកភាពគ្នាជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ លើផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ដូចជា អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត ។

ក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីពីថ្ងៃ១០-១១ មករានៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា-តួកគី ដែលជាសហប្រធានគណៈកម្មការ បានគូសបញ្ជាក់ពីឆន្ទៈ និងគោលជំហរដ៏មោះមុត ក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារ ដូចមានព្រមព្រៀងក្នុងកំណត់ហេតុ រួម នៃកិច្ចប្រជុំលើកទី៣ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ទូរគមនាគមន៍, សុខាភិបាល, អាកាសចរស៊ីវិល, ការដឹកជញ្ជូន, សហគ្រាសធុនតូចនិងមធ្យម, ស្តង់ដារ និងមាត្រាសាស្រ្ត, ធនធានទឹក, និងហាឡាល។

លើសពីនេះ ភាគីទាំងពីរបានពិនិត្យលទ្ធភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នាពេលខាងមុខ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ លោករដ្ឋមន្រ្តីទាំងពីរ ក៏បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ភាគីទាំងពីរបានឯកភាពជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។

សូមបញ្ជាក់ថា គិតត្រឹម១១ខែ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣៦ លានដុល្លាជាមួយនឹងអត្រាកំណើនប្រមាណ ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ទំនិញ នាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន៖ វាយនភ័ណ្ឌនិង សម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម៕ ដោយ៖ រិន ចំរើន