លោក ចម ប្រសិទ្ធ៖ នីតិវិធីនៃការស្នើសុំ បង្កើត និងដំណើរការរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូ ចែងត្រួតគ្នា

ភ្នំពេញ៖ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រាប់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មី ពីករណីប្រកាសលេខ ០៤០ ប្រក.កសក ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្ដីពីនីតិវិធីនៃការស្នើសុំ បង្កើត និងដំណើរការរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ និងឈើកៅស៊ូ ចែងត្រួតគ្នាលើ សមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងលិខិរបស់ លោក ចម ប្រសិទ្ធចុះថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ បានសរសេរថា យោងតាមមាត្រា២ មាត្រា៣.-ថ្មី ចំណុចទី៤ និងមាត្រា៤.-ថ្មី នៃច្បាប់ស្ដីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានពិនិត្យឃើញថា ប្រកាសលេខ ០៤០ ប្រក.កសក ខាងលើនេះបានចែងត្រួតគ្នាលើ សមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយមិនស្របទៅនឹងខ្លឹមសារន ច្បាប់ដែលបានចែង។

លោកសរសេរបន្ថែមថា «ប្រកាសខាងលើនេះបានប្តូរទម្លាប់កិច្ចប្រតិបត្តិជាប្រចាំរបស់ក្រសួងទាំងពីរនិងធុរជនជាតិ-អន្តរជាតិ ដោយពុំមានឆ្លងកិច្ចពិគ្រោះយោបល់ជាផ្លូវការរវាងក្រសួងទាំងពីរ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមរដ្ឋមន្ដ្រី មេត្តាជ្រាប និងចាត់ចែងតាមការគួរ»៕ ដោយ៖ ពុទ្ធិពល