ភ្នំពេញ៖ តំណាងអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាមកតុលាការនៅព្រឹកថ្ងៃទី១១មករា ឆ្នាំ ២០២៣នេះ ពីបទ ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងបទសម្អាតប្រាក់។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងថា តំណាងអយ្យការ បើ ការស៊ើបសួរលោក ឡាយ សំណាង តាម មាត្រា៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ មាត្រា ៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ លោក ឡាយ សំណាង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ចាប់ខ្លួន ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង ១,៥០០លានរៀល (ជាង៣៨ម៉ឺនដុល្លារ)។
ក្រៅពីកិបកេងថវិការដ្ឋជាង៣៨លានដុល្លារ ជនសង្ស័យរូបនេះ ក៏ពាក់ព័ន្ធនឹងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ៕ ដោយ៖ ពុទ្ធិពល