ពោធិ៍សាត់ ៖ បុរសមា្នក់ រងរបួសបែកក្បាល និងម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយផឹកស៊ីជាមួយគ្នា ទាស់ពាក្យសម្តី ជះស្រាលើគ្នា ឈានដល់កាប់នឹងកាំបិតតាំងតោ បណ្តាលឲ្យរងរបួស។
ករណីខាងលើនេះកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ ផាន់ រៀន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ ព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ វេលាម៉ោង ១៧និង០០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ។
តាមការបំភ្លឺរបស់ម្ចាស់ផ្ទះខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ឈ្មោះ ឃឹម ធារ៉ា ហៅ តាក់ ភេទប្រុស អាយុ២៧ឆ្នាំ បាននាំគ្នាផឹកស៊ីជាមួយឈ្មោះ ហ៊ុល សុគន្ធ ហៅគុជ ភេទប្រុស អាយុ៤៥ ឆ្នាំ នៅពេលដែលកំពុងផឹកស៊ី មានការទាស់សម្តីតិចតួច ឈ្មោះហ៊ុល សុគន្ធ បានជះស្រាទៅលើ ឈ្មោះឃឹម ធារ៉ា ហើយឈ្មោះ ឃឹម ធារ៉ា ខឹងក៏បានដើរទៅយកកាំបិតតាំងតោពីផ្ទះបងប្អូនមកកាប់លើឈ្មោះ ហ៊ុល សុគន្ធ ត្រូវចំក្បាលខាងក្រោយ បណ្តាលឲ្យរងរបួសមុតរយះចេញឈាមប្រវែងប្រហែល ៥សង់ទីម៉ែត្រ ។
លោក កែ ហុងឈាង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ឲ្យដឹងថា ក្រោយទទួលព័ត៌មានអំពីករណី ហឹង្សាដោយចេតនាខាងលើ សមត្ថកិច្ចបានចេញប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ ឃឹម ធារ៉ា រស់នៅភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្ត ពោធិ៍សាត់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង ដើម្បីបំពេញបែបបទតាមនីតិវិធី ។
ចំពោះជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ នឹងឲ្យត្រឡប់ទៅផ្ទះ ដើម្បីព្យាបាលដោយខ្លួនឯង ៕ ដោយ៖ ពុទ្ធិពល