ក្រុមហ៊ុនធំៗ ៩ សហការជាមួយ NEA ប្រកាសជ្រើសរើសបុគ្គលិកជិត១ពាន់កន្លែង នៅថ្ងៃទី១២ ខែមករា

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកា ការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន១៦ ចូលរួម ដោយនាំ យកនូវឱកាសការងារចំនួន ៨៨៤ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

វេទិកាការងារប្រចាំខែនេះ នឹងត្រូវរៀបចំ ឡើងមួយថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិត នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង៩ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកា ការងាររបស់ NEA នោះរួមមាន៖ ធនាគារមហានគរ ធនាគារ AEON ក្រុមហ៊ុន Habit Burger Grill ក្រុមហ៊ុន Optimal P, Master Suki soup ក្រុមហ៊ុន ORKIN ក្រុមហ៊ុន CHIP MONG ក្រុមហ៊ុន Mekongnet និងក្រុមហ៊ុន MR Training។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយក ប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ ជាមួយតំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

លោក ពេជ្រ រដ្ឋា មន្ត្រីផ្នែកធនធានមនុស្សធនាគារ AEON បានលើកឡើងថាលោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមសហការជាមួយ NEA ក្នុងថ្ងៃទី១២ ខាងមុខនេះដោយសារតែការរីកចម្រើនរបស់ធនាគារនាពេលបច្ចុប្បន្ន ធនាគារនឹងនាំយកឱកាសការងារជាង១០០កន្លែង និងគ្រប់មុខ តំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរក ការងារ ឬមានបំណងចង់ផ្លាស់ប្តូរការងារ។ លោកសង្ឃឹមយ៉ាងមុតមាំថា ការចូលរូមសហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខា ន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការ របស់ស្ថាប័ន។

លោក រដ្ឋា បន្ថែមថាការរីកចម្រើនជាបន្តបន្ទាប់របស់ធនាគារ នឹងធ្វើឲ្យធនាគារកាន់តែមានតម្រូវការកម្លាំងពលកម្មក៏កាន់តែច្រើន ហេតុនេះហើយការបន្តកិច្ចសហការជាមួយ ទីភ្នាក់ងារ ជាតិមុខរបរ និងការងារក៏មិនអាចខ្វះបាននោះដែរ។ លោក រដ្ឋា លើកឡើងបន្ត ថាសម្រាប់ថ្ងៃទី១២ ខាងមុខនេះ សិស្សនិស្សិត និងជាបុគ្គលិកក្រុមហ៊ុនដែលមានបំណងចង់រកការងារ ឬចង់ផ្លាស់ប្តូរការងារសូមនាំយកនូវប្រវត្តិរូបសង្ខេប (CV) និងរៀបចំខ្លួនឲ្យបានស្អាតដើម្បីចូលរួមក្នុងវេទិកាការងារ។

វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាស ការងារសម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ៕ ដោយ៖ ពុទ្ធិពល