កំណាត់ផ្លូវជាតិលេខ៧ បើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាពនៅថ្ងៃនេះ

កំពង់ចាម៖ កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម បានប្រកាសបើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព នៅថ្ងៃទី៩ ខែមករានេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោយពេលកំណើនសេដ្ឋកិច្ច គួបផ្សំនឹងចរាចរណ៍របស់អ្នកដំណើរ និងការដឹកជញ្ជូនមានការកើនឡើងយ៉ាងគំហុក បានប្រែក្លាយកំណាត់ផ្លូវលេខ៧នេះ ឱ្យទៅជា «ផ្លូវកដប» ដែលមានសភាពចង្អៀត មានការកកស្ទះ និងមានគ្រោះថ្នាក់ញឹកញាប់ ទើបរាជរដ្ឋាភិបាលសម្រេចសាងសង់ពង្រីក និងលើកកម្រិតគុណភាពផ្លូវនេះជាចាំបាច់។

ក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ដែលគ្រោង នឹងប្រកាសបើកការដ្ឋាននៅស្អែកនេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលនឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង។

កំណាត់ផ្លូវជាតិនេះ ក្រោយពីបញ្ចប់ការសាងសង់នឹងក្លាយជាខ្សែផ្លូវមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផលកសិកម្ម កសិឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមផងដែរ៕ ដោយ៖ ពុទ្ធិពល