ក្រុមឧក្រិដ្ឋជន មិនទាន់បោះបង់ចោលផែនការទុច្ចរិតនៅកម្ពុជា ទោះកម្ពុជារក្សាសន្ដិសុខបានល្អ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សមត្ថកិច្ចថា សភាពការណ៍សន្ដិសុខនៅកម្ពុជានាពេលបច្ចុប្បន្ន រក្សាបានល្អប្រសើរក៏ដោយ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើស មិនទាន់បោះបង់ចោលនៅឡើយចំពោះផែនការទុច្ចរិតរបស់ខ្លួន។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡារបស់ក្រសួងមហាផ្ទៃ នាថ្ងៃ៥ មករា សម្ដេច ស ខេង បានរំលឹកកាលពីឆ្នាំ២០២២ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកម្ពុជាថែរក្សាបាននសន្ដិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សាធារណៈបានល្អយ៉ាងល្អប្រសើរ ជាពិសេសរក្សាបាន និងពង្រឹងអធិបតេយ្យភាព បូរណភាពទឹកដីយ៉ាងល្អប្រសើរ។ សម្តេចថា ទាំងនេះគឺជាកត្តាគន្លឹះដ៏សំខាន់មិនអាចខ្វះបាន ដើម្បីបង្កលក្ខណៈសម្បត្តិដល់អភិវឌ្ឍន៍ និងកិច្ចដំណើរការនានាទាំងអស់របស់កម្ពុជា។

ប៉ុន្តែសម្តេចបន្តថា ទោះជាសភាពការណ៍ល្អយ៉ាងណាក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមជាច្រើនទៀត ដោយសារសភាពការណ៍អន្ដរជាតិ ឬក្នុងតំបន់ កំពុងមានការវិវត្តន៍ដ៏ស្មុគស្មាញ ដោយមិនអាចប៉ានស្មានដឹង តើជះឥទ្ធិពលមកកម្ពុជាឬយ៉ាងណា?

សម្តេចបន្តទៀតថា ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣នេះ ត្រូវបន្ដតាមដានបន្ថែមទៀត ដើម្បីការពារសន្ដិភាព និងសេចក្ដីសុខជូនប្រជាពលរដ្ឋ។

សម្ដេចបញ្ជាក់ថា «សភាពការណ៍សន្ដិសុខ និងបទល្មើសនានា ទោះបីមកដល់ពេលនេះ យើងរក្សាបានល្អប្រសើរ ដូចបានបញ្ជាក់ខាងលើ ប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើស គេមិនទាន់បោះបង់ ចោល នូវផែនការទុច្ចរិទ្ធរបស់ពួកគេនោះទេ។ បទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ដែលជាបទល្មើសមិនប្រព្រៃណី ហើយដោយមានបែបផែនស្មុគស្មាញ ដែលត្រូវយើងបន្ដរួមគ្នាដើម្បីធ្វើកិច្ចការងារនេះ»៕ ដោយ៖​ រិន​ ចំរើន