ក្រសួងទេសចរណ៍ មិនតម្រូវឱ្យភ្ញៀវទេសចរបរទេសដាក់ប្រាក់តាមខ្លួន១ពាន់ ឬ២ពាន់ដុល្លារ ចូលកម្ពុជា

ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍បានប្រកាសថា មិនតម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួន ១.០០០ដុល្លារ ឬ២.០០០ដុល្លារ មុនចូលកម្ពុជាឡើយ។

ការមិនអនុញ្ញាតនេះ ដោយសារមានព័ត៌មានមួយចំនួន បានលើកឡើងពីការកំណត់លក្ខខណ្ឌឱ្យភ្ញៀវទេសចរត្រូវមានសាច់ប្រាក់តាមខ្លួនចំនួន១.០០០ ឬ២.០០០ ដុល្លារ មុនចូលមកកម្ពុជា ក្នុងនោះក៏មានបុគ្គលិកក្រុម ហ៊ុនអាកាសចរណ៍មួយចំនួនបានសាកសួរភ្ញៀវទេសចរឱ្យបង្ហាញសាច់ប្រាក់ចំនួន ១.០០០ ឬ ២.០០០ដុល្លារ មុនអនុញ្ញាតឱ្យឡើងជិះយន្តហោះ។

យោងតាមសេចក្ដីជូនដំណឹងក្រសួងទេសចរណ៍ នាថ្ងៃទី២២ ធ្នូ បានឱ្យដឹងថា «ក្រសួងទេសចរណ៍ មានកិត្តិយសសូមធ្វើការបញ្ជាក់ជូនសាធារណជន ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ក្រុមហ៊ុនដឹកជញ្ជូន និងភ្ញៀវទេសចរទាំងអស់ ឱ្យបានជ្រាបថា រាជ រដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយណាមួយតម្រូវឱ្យភ្ញៀវទេសចរមានសាច់ប្រាក់តាមខ្លួនចំនួន ១.០០០ ឬ ២០០០ដុល្លារ ដើម្បីអាចចូលមកព្រះរាជាណាចក្រកម្ពុជានោះទ»។

ក្រសួងបន្ដថា ការសាកសួរភ្ញៀវទេសចរអំពីចំនួនទឹក ប្រាក់យកតាមខ្លួន ជាសមត្ថកិច្ចរបស់មន្ត្រីជំនាញដែល មានសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិ ដែលធ្វើឡើងចំពោះករណីសង្ស័យមួយចំនួនតែប៉ុណ្ណោះ មិនប្រកាន់ភ្ញៀវទេសចរជនជាតិណាឡើយ និងមិនធ្វើឡើងជាទូទៅគ្រប់ភ្ញៀវទេសចរទាំងអស់នោះទេ។

ជុំវិញបញ្ហាទាំងនេះ ក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យភ្ញៀវទេសចរទាំងអស់គោរពតាមលក្ខខណ្ឌតម្រូវរបស់កម្ពុជា ៕ ដោយ៖ ពុទ្ធិពល