សម្តេចតេជោ ៖ កុំខ្លាចប៉ូលីសចរាចរណ៍ តែសូមខ្លាចច្បាប់ចរាចរណ៍វិញ

ភ្នំពេញ ៖ បញ្ហាប៉ូលីសចរាចរណ៍សព្វថ្ងៃកំពុងក្លាយជាទីចាប់អារម្មណ៍របស់ប្រជាពលរដ្ឋដោយសារពួកគាត់ភ័យខ្លាចឲ្យតែប្រទះឃើញពេលណា ប៉ុន្តែករណីនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋគ្រប់រូប រួមគ្នាលុបបំបាត់នូវវប្បធម៌ខ្លាចប៉ូលីសចរាចរណ៍ ដោយមកគោរពច្បាប់ចរាចរណ៍វិញទើបជាការប្រសើរ។

ថ្លែងចេញពីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ២២ ធ្នូ សម្ដេចតេជោបានផ្ញើសារថា នគរបាលខាងផ្នែកចរាចរណ៍មិនហ៊ានធ្វើអ្វីដាក់ពលរដ្ឋឡើយប្រសិន ពួកគាត់គោរពច្បាប់ចរាចរណ៍ផ្លូវគោក។

សម្ដេចតេជោគូសបញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង រៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍ ។ កុំខ្លាច កុំគោរពប៉ូលីសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍ កុំខ្លាចប៉ូលីសចរាចរណ៍។ ឥឡូវ ប្រជាពលរដ្ឋរបស់យើងហាក់បីដូចជា កំពុងតែខ្លាច ជៀសជាងខ្លាចច្បាប់ទៅវិញ ។អីចឹងកន្លែងខ្លះអត់មានប៉ូលីសចរាចរណ៍ជិះម៉ាសេរី ដល់ឃើញប៉ូលីសចរាចរណ៍គាត់ថា ខ្លាច»។

សម្ដេចតេជោថា ដូច្នេះត្រូវកែលម្អប្រជាពលរដ្ឋ ក្នុងការខ្លាចប៉ូលីស ឱ្យមកគោរពច្បាប់វិញព្រោះគ្មានអ្នកណាមកស្លាប់ ឬរបួសជំនួសឡើយ ៕ ដោយ៖ រិន ចំរើន