WB ផ្ដល់ឥណទាន២៧៤លានដុល្លារ ជួយស្ដារសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ធនាគារពិភពលោក (WB) បានសម្រេចអនុម័តផ្ដល់ហិរញ្ញប្បទានថ្មីចំនួន ២៧៤លានដុល្លារទៀត សម្រាប់ប្រតិបត្តិការ គោលនយោបាយកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍន៍ភាពធន់របស់កម្ពុជា បន្ទាប់ពីរងការប៉ះទង្គិចពីវិបត្តិនាពេលថ្មីៗនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ។

សេចក្តីប្រកាសបញ្ជាក់ថា «ហិរញ្ញប្បទានដែលទើបនឹងត្រូវ បានក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកអនុម័តរួច នឹងជួយដល់កំណែទម្រង់សម្រាប់ ជំរុញកំណើន និងពង្រឹងភាពធន់របស់កម្ពុជា»។

ធនាគារពិភពលោកបន្ដថា សេដ្ឋកិច្ចរបស់កម្ពុជា បានរងការខូចខាតធ្ងន់ធ្ងរពីសំណាក់ជំងឺរាតត្បាតកូវីដ-១៩ ដោយធ្វើឲ្យផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះដក ៣.១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំងលើកដំបូងក្នុង រយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ការវិភាគទិន្នន័យបានបង្ហាញថា អត្រានៃភាពក្រីក្របានកើនឡើងចំនួន ២.៨ភាគរយ ដោយរុញមនុស្សប្រហែល ៤៦០ ០០០នាក់ ឲ្យធ្លាក់ក្នុងភាពក្រីក្រវិញ។ រដ្ឋាភិបាលបានឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពទៅនឹងជំងឺរាតត្បាត តាមរយៈអន្តរាគមន៍ជួយដល់អាជីវកម្ម និងគ្រួសារដែលងាយរងគ្រោះ ប៉ុន្តែដោយសារចំណាយពាក់ព័ន្ធមានការកើនឡើង រដ្ឋាភិ បាលចាំបាច់ត្រូវពង្រឹងមូលដ្ឋានសារពើពន្ធឲ្យបាន រឹងមាំ ចាប់ពីពេលនេះទៅមុខទៀត។

ធនាគារពិភពលោកថា ទោះជាសេដ្ឋកិច្ចបានងើបឡើងវិញ នៅឆ្នាំ២០២១ និង២០២២ មែនក្តី តែបរិយាកាសចុះខ្សោយនៅខាងក្រៅមានន័យថា លទ្ធភាពវិលទៅទទួលបានអត្រាកំណើនដ៏រឹងមាំដែលធ្លាប់មាននៅមុនការផ្ទុះជំងឺរាតត្បាត ពិតជានឹងមិនងាយរកបានទេ។ សង្រ្គាមដែលនៅតែបន្តមានក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តាទាំងអស់នេះ នឹងជះឥទ្ធិពលមិនល្អមកលើទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។

តែហិរញ្ញប្បទាននេះ នឹងទ្រទ្រង់ដល់កំណែទម្រង់ដែល នឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម, លើកកម្ពស់ការ ប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ប្រតិបត្តិការរបស់ហិរញ្ញប្បទាននេះ ក៏នឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលា ដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយកើតឡើង។

សូមរំលឹកថា ហិរញ្ញប្បទាននេះ ឈរលើផែនការរបស់រដ្ឋាភិបាល សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្រោយសម័យជំងឺរាតត្បាតដែលមានគោលបំណងទូលំទូលាយបី គឺការស្តារសេដ្ឋកិច្ច, កំណែទម្រង់ និងការបង្កើនភាពធន់ និងបន្ថែមពីលើហិរញ្ញប្បទានចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់ Cambodia Relief, Recovery, and Resilience Development Policy Financing ដែលត្រូវបានអនុម័តនៅក្នុងឆ្នាំ២០២១៕ ដោយ៖​ រិន ចំរើន