នៅសល់រថយន្ត ចំនួន ជាង ១៧០ពាន់គ្រឿងដែលហួសសុពលភាពឆៀក

ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនា ឱ្យអ្នកដែលមានយានយន្ត និង មិនទាន់បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹតត្រូវ ឆៀក ត្រូវរួសរ៉ាន់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យបានទៀងទាត់ ខណៈនៅសល់រថយន្ត ចំនួន ជាង ១៧០ពាន់គ្រឿងដែលហួសសុពលភាពឆៀក ។

បើមិនបានត្រួតពិិនិត្យលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវទេ ប៉ូលីសចរាចរណ៍ដែលកំពុងឈរជើងនៅតាមបណ្តាស្តុប និង ផ្លូវ នឹងចាប់ផាកពិន័យទៅតាមច្បាប់កំណង់ ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២២ នេះ លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីចំនួនយានយន្តដែលហួសសុពលភាពឆៀក ដែលក្នុងនោះមានចំនួនប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។

លោក ទេសរដ្ឋមន្ត្រី បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមានយានយន្តទាំងនោះ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ។

លោកបញ្ជាក់ទៀតថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសគឺចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់ គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន)៕ ដោយ៖ ពុទ្ធិពល