ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានមានប្រសាសន៍ថា ការទទួលពានរង្វាន់សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំពិភពលោករបស់សម្តេចនាពេលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រង នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសតាមរយៈការអនុវត្ត «គោល នយោបាយឈ្នះ-ឈ្នះ។
នេះជាការលើកឡើងរបស់សម្តេចនាឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីហ្វិក (KSI) ស្ដីពី «ការបង្កើតទំនាក់ទំនងអាស៊ាន-ចិន» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ។
នាឱកាសនោះសម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការ នៃវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក ដែលបានទទួលស្គាល់នូវស្នាដៃ និងការខិតខំប្រឹងប្រែងរបស់សម្ដេច ក្នុងរយៈពេលជាង៤ទសវត្សរ៍កន្លងទៅនេះ។
សម្ដេចតេជោបញ្ជាក់ថា «ការទទួល បាននូវពានរង្វាន់ដ៏វិសេសវិសាលនេះ គឺជាសក្ខីកម្មនៃភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋា ភិ បាលកម្ពុជា ជាពិសេសតាមរយៈការអនុវត្ត «គោល នយោបាយឈ្នះ-ឈ្នះ» ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ, សន្តិភាព និងស្ថិរភាពនយោបាយ។ ការណ៍ នេះ បានក្លាយជាចលករ និងចន្ទល់ដ៏រឹងមាំ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានក្នុងអត្រា៧ភាគរយ ជាមធ្យមប្រចាំឆ្នាំ រហូតធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅក្នុងឆ្នាំ២០១៥ និងកំពុងបោះជំហានឆ្ពោះ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”។
សម្ដេចតេជោបន្តថា ចាប់តាំងពីកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ១៩៩៩ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក បានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និង ពិភពលោក៕ ដោយ៖ រិន ចំរើន