ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ធ្វើឱ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ ដូចជា ការគំរាមកំហែងដល់ស្ថិរភាព សន្តិភាព និងការរីកចម្រើន។
ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៃកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល នាថ្ងៃទី១៤ ធ្នូ សម្ដេចតេជោ បង្ហាញក្ដីរីករាយចំពោះកិច្ចសន្ទនារបស់អាស៊ាន និងសហភាពអឺរ៉ុប លើប្រធានបទជាច្រើន ដែលមានសារៈសំខាន់ក្នុងតំបន់ទាំងពីរប្រកបដោយភាពបើកចំហរ និងស្មោះត្រង់ ព្រមទាំងស្ថាបនា។
សម្តេចតេជោបញ្ជាក់ថា «ជាមួយគ្នានេះ អ្វីដែលធ្វើឱ្យដៃគូរបស់យើង រឹតតែសំខាន់ទៀតនោះ គឺការវិវឌ្ឍន៍ស្ថានភាពដ៏គួរព្រួយបារម្ភ និងផុយស្រួយដែល ពិភពលោកទាំងមូលប្រឈមទៅនឹងការសាកល្បងដ៏ធំមួយមិនធ្លាប់មានពីមុនមក។ តួយ៉ាង ដូចជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ការធ្វើឱ្យរង្គោះរង្គើដល់សណ្តាប់ធ្នាប់អន្តរជាតិ និងបានគំរាមកំហែងដល់ស្ថិរភាព សន្តិភាព និងការរីកចម្រើន ស្របពេលជាមួយនឹងការកើនឡើង នៃការប៉ះទង្គិចប្រដាប់អាវុធ និងសង្គ្រាម ដូចដែលតំបន់យើងទាំងពីរកំពុងប្រឈម»។
ចំពោះបញ្ហានៅអ៊ុយក្រែន សម្ដេចតេជោ បានបញ្ជាក់ឡើងវិញនូវជំហរដ៏រឹងមាំរបស់កម្ពុជា ក្នុងការគោរព អធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាព ខាង នយោបាយ៕
ដោយ៖ រិន ចំរើន